ដែលឆ្ងល់អត់ថា តើរូបិយវត្ថុ និងរូបិយប័ណ្ណ សំដៅដល់អ្វីឱ្យប្រាកដ ហើយខុសគ្នាបែបណា?

តើរូបិយវត្ថុ និងរូបិយប័ណ្ណខុសគ្នាបែបណា?

ដោយសារអេដមីនសង្កេតឃើញថា មានចំងល់ជាច្រើនទាក់ទងនឹងរូបិយវត្ថុ និងរូបិយប័ណ្ណ ទើបអេដមីន ផុសអត្ថបទនេះម្ដងទៀត។ សង្ឃឹមថា នឹងអាចស្រាយការយល់ច្រលំបាន។

រូបិយវត្ថុគឺសំដៅដល់ផលិតផលដ៏សំខាន់មួយនៅក្នុងសេដ្ឋកិច្ចទីផ្សារ ដើម្បីបង្កើតលក្ខណៈងាយស្រួលដល់ដំណើរការដោះដូរទំនិញ ឬសេវា។ គេអាចឲ្យនិយមន័យវាទៀតថា ជាវត្ថុមួយដែលត្រូវបានគេប្រើប្រាស់ជាមធ្យោបាយដើម្បីដោះដូរទំនិញ សេវាកម្ម និងទូទាត់នូវបំណុលផ្សេងៗ ឬជាអ្វីៗទាំងអស់ដែលត្រូវបានគេទទួលស្គាល់ក្នុងការទូទាត់ជាមួយទំនិញ សេវា និងក្នុងការសងបំណុលផ្សេងៗ។

រូបិយវត្ថុមានមុខងារសំខាន់៣យ៉ាង គឺ ជាមធ្យោបាយដោះដូរ ជាឯកតាវាស់តម្លៃ និងជាឧបករណ៍ផ្ទុក ឬរក្សាតម្លៃ។

ដោយសារតែភាពទូលំទូលាយនៃរូបិយវត្ថុនេះហើយ បានជាមនុស្សជាច្រើន ច្រើនតែចែកមិនដាច់រវាងអ្វីទៅជារូបិយវត្ថុ ហើយអ្វីជារូបិយប័ណ្ណ?

តាមពិតទៅ រូបិយប័ណ្ណ ជាធាតុរូបិយវត្ថុមួយនៅក្នុងចំណោមធាតុរូបិយវត្ថុផ្សេងទៀត។ ដូចបានដឹងពីខាងលើ រូបិយវត្ថុគឺសំដៅដល់វត្ថុទាំងឡាយណាដែលត្រូវបានគេទទួលស្គាល់នៅក្នុងការដោះដូរ។ ដូច្នេះឲ្យតែវត្ថុដែលត្រូវបានគេដោះដូរ និងមានការយល់ព្រមរវាងអ្នកលក់ និងអ្នកទិញ គឺសុទ្ធសឹងតែជារូបិយវត្ថុ ឧទាហរណ៍ដូចជា ទំនិញ ដូរនឹងទំនិញ ឬ ទំនិញដូរសេវា ឬទំនិញ ដូចក្រដាសប្រាក់ ឬក៏ទំនិញដូរមាសជាដើម ដែលទាំងអស់នេះគឺជារូបិយវត្ថុទាំងអស់។

ប៉ុន្ដែចុះរូបិយប័ណ្ណវិញជាអ្វីឲ្យប្រាកដ? វត្ថុមួយនៅក្នុងចំណោមរូបិយវត្ថុដែលរាប់រៀបខាងលើនេះ អាចក្លាយជារូបិយប័ណ្ណ នៅពេលដែលវត្ថុនោះត្រូវបានគេទទួលស្គាល់ជាផ្លូវការនៅក្នុងការដោះដូរជាទូទៅ និងត្រូវបានគេចាត់ទុកជាគ្រឿងតំណាងជាតិ។ ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាយើង ប្រាក់រៀល ត្រូវបានគេចាត់ទុកជារូបិយប័ណ្ណជាតិ ដែលត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងទីផ្សារ។

ក្រដាសប្រាក់រៀល គឺជារូបិយវត្ថុមួយដែលត្រូវបានគេទទួលស្គាល់នៅក្នុងចំណោមរូបិយវត្ថុផ្សេងៗទៀតដូចជា មាស ឬវត្ថុមានតម្លៃក្នុងការដោះដូរផ្សេងទៀត សម្រាប់ធ្វើជារូបិយប័ណ្ណតំណាងជាតិ។ ប្រាក់ដុល្លារអាមេរិក ក៏ជារូបិយវត្ថុមួយនៅក្នុងចំណោមរូបិយវត្ថុផ្សេងទៀត ដែលរដ្ឋាភិបាលអាមេរិកទទួលស្គាល់ និងប្រើជារូបិយប័ណ្ណសម្រាប់សម្គាល់ជាតិ។

ជារួមមក រូបិយប័ណ្ណ អាចជារូបិយវត្ថុ ប៉ុន្ដែមិនមែនគ្រប់រូបិយវត្ថុទាំងអស់សុទ្ធសឹងតែអាចជារូបិយប័ណ្ណនោះទេ៕

#CambonomicTimes #Money_Vs_Currency

ខ្លឹមសារទាំងស្រុងពី៖ Cambonomic Times

ទំព័រ Instagram៖ https://www.instagram.com/cambonomictimes/

 

Leave a Reply

Your email address will not be published. Required fields are marked *