ដែលដឹងឬទេថាកម្ពុជា និងកូរ៉េចាប់ផ្តើមប្រវត្តិទំនាក់ទំនងតាំងពីពេលណាមក? ហើយមានការតាំងស្ថានទូតកម្ពុជា នៅកូរ៉េតាំងពីឆ្នាំណាដែរ?

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ​មានទំនាក់ទំនងជាមួយយ៉ាងជិតស្និតលើគ្រប់វិស័យ ទាំងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទំនាក់ទំនងប្រជាជន។ តើមានដែលដឹងឬទេថាកម្ពុជា និងកូរ៉េចាប់ផ្តើមប្រវត្តិទំនាក់ទំនងដ៏ស្អិតរមួតនេះតាំងពីពេលណាមក?

ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ចាប់ផ្តើមឡើងដំបូងតាំងពីឆ្នាំ១៩៧០ ក្រោមរដ្ឋាភិបាលរបបសាធារណរដ្ឋកម្ពុជា។ ទំនាក់ទំនងនោះមានរយៈពេលខ្លីដូចគ្នាទៅនឹងរបបសាធារណរដ្ឋកម្ពុជាដែរ ដោយត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យបានគ្រប់គ្រងកម្ពុជានៅឆ្នាំ១៩៧៥។ ទំនាក់ទំនងនេះត្រូវបានចាប់ផ្តើមឡើងវិញជាផ្លូវការនៅថ្ងៃទី​៣០ តុលា ១៩៩៧។

រហូតមកដល់បច្ចុប្បន្ននេះ​ ទំនាក់ទំនងផ្លូវការរវាងរដ្ឋទាំងពីរមានរយៈពេល ២២ ឆ្នាំមកហើយ ដែលបានឃើញការកើនឡើងនូវកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើគ្រប់វិស័យ និងគ្រប់កម្រិត។

ក្នុងនោះដែរ ដោយសារទំនាក់ទំនងរវាងរដ្ឋទាំងពីរកាន់តែមានភាពស៊ីជម្រៅ រដ្ឋទាំងពីរបានចាប់ផ្តើមបង្កើតជាស្ថានទូតតំណាងនៅប្រទេសទាំងសងខាង។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ២៥ អនក្រ.បក ចុះថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០០១ ស្តីពីការបង្កើតស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

ស្ថានឯកអគ្គរាជទូតកម្ពុជាដំបូងដែលពលរដ្ឋខ្មែរនៅកូរ៉េជាច្រើនបានស្គាល់ និងមានអនុស្សាវរីយ៍ជាច្រើនកន្លងមកនោះ មានទីតាំងនៅផ្ទះ ៦៥៣-១១០ Hannam-dong, Yongsan-gu, ទីក្រុងសេអ៊ូល។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទីតាំងចាស់

បច្ចុប្បន្នស្ថានឯកអគ្គរាជទូតកម្ពុជាបានផ្លាស់ប្តូរមកទីតាំងថ្មី ដែលមានទំហំធំទូលាយ និងលក្ខណៈសម្បូរបែបជាងមុន ដែលមានទីតាំងនៅជាន់ទី១៤ អាគារប៊ូយ៉ុង ៥៥ ផ្លូវសេចុង ខណ្ឌដុង រដ្ឋធានីសេអ៊ូល ប្រអប់សំបុត្រលេខ ០៤៥១៣។ គេអាចធ្វើដំណើរមកបានតាមរយៈ រថភ្លើងខ្សែលេខ 1​ ច្រកលេខ ៨  ដើរត្រង់ចម្ងាយ ៣០០ម៉ែត្រប៉ុណ្ណោះ។

លេខទូរស័ព្ទទំនាក់ទំនង៖ 02-3785-1041 រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ពេលព្រឹកម៉ោង ០៩:០០ ដល់ ១២:០០ និងរសៀលម៉ោង ១៤:០០ ដល់១៧:០០។

សូមបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េជាសេនាធិការឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបេសកកម្មដោយសង្ខេបដូចខាងក្រោម៖

  • អនុវត្ត និងផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ក្នុងបេសកកម្មការពារឯករាជ្យភាព​ អធិបតេយ្យភាព បូរណភាពដែនដី និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ
  • ការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរនៅបរទេស
  • ផ្តល់សេវាកម្មគតិយុត្ត ការគាំពារ​ គាំទ្រ និងលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ពលករខ្មែរ
  • ពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងរដ្ឋជាម្ចាស់ផ្ទះ និងរដ្ឋនានា
  • ពង្រឹងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ ធុរកិច្ច ទេសចរណ៍ អប់រំ​ បចេ្ចកវិទ្យាជាដើម និង
  • អនុវត្តភារកិច្ចផ្សេងៗតាមការចាត់តាំងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីជូនដំណឹងពីការផ្លាស់ប្តូរទីតំាងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

ថ្នាក់ដឹកនាំទូត និងមន្ត្រីស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ

សកម្មភាពរៀបចំសម្ភារៈ និងម៉ាស់សម្រាប់ចែកជូនសហគមន៍ខ្មែរ ក្នុងអំឡុងពេលកូវីដ-១៩
ជំនួបជាមួយបណ្តាទូតអាស៊ាននៅស្ថានទូតកម្ពុជា
សកម្មភាពប្រជុំក្នុងបន្ទប់ប្រជុំនៃស្ថានទូតថ្មី

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *