សេអ៊ូល៖ ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) អាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងសាជាថ្មី ប្រសិនបើភាគីទាំងពីរមានឆន្ទៈអនុវត្តឱ្យបានទៅតាមការព្រមព្រៀងគ្នាកាលពីជំនួបកន្លងមកសិន បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) នៅថ្ងៃពុធម្សិលមិញនេះ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ បានលើកឡើងបែបនេះ នៅពេលដែលមានការចោទសួរពីលទ្ធភាពនៃការរៀបចំជំនួបរវាងអាម៉េរិក និងកូរ៉េខាងជើងសាជាថ្មី ក្នុងកម្មវិធីឆ្លើយឆ្លងមួយរៀបចំដោយសារព័ត៌មាន The Hill។ ក្នុងនោះដែរ លោករដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ កូរ៉េខាងជើងហាក់ផ្តល់នូវសញ្ញាវិជ្ជមានផង និងអវិជ្ជមានផងចំពោះលទ្ធភាពនៃការរៀបចំនេះ ហើយស្របពេលដែលការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនឹងខិតចូលមកដល់នាពេលខាងមុខ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចង់ឱ្យមានជំនួបនេះកើតឡើង តែក្នុងករណីដែលមានការបង្ហាញនូវឆន្ទៈសម្រេចបាននូវចំណុចព្រមព្រៀងគ្នាក្នុងជំនួបថ្នាក់ដឹកនាំទាំងពីរកាលនៅប្រទេសសិង្ហបុរីមុនសិន។
ខ្លឹមសារសំខាន់ដែលភាគីទាំងពីរយល់ព្រមគ្នាកាលពីជំនួបនៅសិង្ហបុរី កាលពីឆ្នាំ២០១៨ គឺការសហការគ្នាក្នុងការរំលាយចោលនូវអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដើម្បីឱ្យភាគីទាំងពីរអាចបង្កើនចំណងទំនាក់ទំនងទ្វេភាគីឡើងវិញ។ យ៉ាងណាមិញ ជំនួបបន្ទាប់មកទៀតនៅប្រទេសវៀតណាម មិនទទួលបានជោគជ័យនោះទេ ដោយសារភាគីទាំងពីរមិនយល់ស្របគ្នាលើវិសាលភាពនៃកម្មវិធីការរំសាយអាវុធនុយក្លេអ៊ែរ និងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ចមកលើរបបកូរ៉េខាងជើង។
រដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ ក៏បានលើកឡើងថាអាម៉េរិកត្រូវការដៃគូដែលមានឆន្ទៈក្នុងការសហការ តែក្នុងពេលបច្ចុប្បន្នផ្លូវដែលកូរ៉េខាងជើងបានជ្រើសរើស ហាក់ដូចជាមិនទាន់ស្របគ្នានោះទេ តែយ៉ាងណាអាម៉េរិកសង្ឃឹមថាកូរ៉េខាងជើងនឹងផ្លាស់ប្តូរគោលជំហរ ហើយអាម៉េរិកនៅតែស្វាគមន៍ការចរចាជាមួយគ្នាជានិច្ច។