កូរ៉េខាងត្បូង ប្រកាសដាក់ប្រទេស ៦ ចូលក្នុងបញ្ជីប្រុងប្រយ័ត្ន និងត្រូវរឹតត្បិតខ្ពស់បំផុតលើការនាំចូលករណីកូវីដ-១៩

សេអ៊ូល៖ អជ្ញាធរកូរ៉េខាងត្បូងបានប្រកាសបន្ថែមប្រទេសចំនួន២ទៀត ជាប្រទេសដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ ចូលទៅក្នុងបញ្ជីដែលមានប្រទេស ៤ ស្រាប់ទៅហើយនោះ បើតាមការប្រកាសនៅថ្ងៃពុធទី ១៥ កក្កដា ២០២០នេះ។

ប្រទេសដែលស្ថិតនៅក្នុងបញ្ជីប្រទេសដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ នេះ នឹងត្រូវរឹតត្បិតក្នុងការធ្វើដំណើរចូលទឹកដីប្រទេសកូរ៉េខាងត្បូង។

វិធានការដែលបានដាក់ចំពោះអ្នកដំណើរមកពីប្រទេសទាំងនេះរួមមាន ការតម្រូវឱ្យអ្នកធ្វើដំណើរ មានលិខិតបញ្ជាក់សុខភាពថាអវិជ្ជមានកូវីដពីសំណាក់ស្ថាប័ន-មន្ទីរពេទ្យនានាដែលបានកំណត់ឱ្យពីស្ថានទូតកូរ៉េនៅក្នុងប្រទេសនោះផ្ទាល់។ លិខិតបញ្ជាក់សុខភាពនេះត្រូវមានសុពលភាពក្នុង ៤៨ ម៉ោង មុនពេលធ្វើដំណើរ។ ក្នុងនោះដែរ ជើងហោះហើរពីប្រទេសទាំង ៦ នេះត្រូវកម្រិតអ្នកធ្វើដំណើរត្រឹមចំនួន ៦០ នាក់ប៉ុណ្ណោះ។ យ៉ាងណមិញ​ ការតម្រូវឱ្យមានលិខិតបញ្ជាក់សុខភាពមុនធ្វើដំណើរនេះ មិនត្រូវបានអនុវត្តលើអ្នកធ្វើដំណើរជាជនជាតិកូរ៉េនោះទេ។

កាលពីសប្តាហ៍មុន អជ្ញាធរបានបញ្ជាក់ថាប្រទេស ៤ ដែលត្រូវបានរឹតត្បិតក្នុងបញ្ជីនេះមានប្រទេសបង់ក្លាដេស ប៉ាគីស្ថាន កាហ្សាក់ស្ថាន និងកៀស៊ីហ្ស៊ីស្ថាន ហើយប្រទេសថ្មី ២ ទៀតដែលទើបនឹងប្រកាសនេះ មិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ ដោយសារហេតុផលការទូត។

វិធានការថ្មីនេះ​ ក៏នៅតែតម្រូវឱ្យអ្នកធ្វើដំណើរមកដល់កូរ៉េ ពីសំណាក់ប្រទេសទាំង៦នេះ ធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល ១៤ថ្ងៃផងដែរ ដែលបានដាក់ឱ្យអនុវត្តតាំងពីថ្ងៃទី ១ មេសា ២០២០ កន្លងមក។

វិធានការថ្មីនេះដាក់ចេញ ក្រោយពីគេសង្កេតឃើញមានការកើនឡើងជាបន្តបន្ទាប់នូវករណីនាំចូលពីអ្នកដំណើរមកពីក្រៅប្រទេស។ គិតមកដល់ថ្ងៃនេះ ករណីនាំចូលកូវីដ-១៩ ពីខាងក្រៅ មានដល់ ១៩១៩ ករណី ប្រមាណ ១៤ភាគរយនៃករណីវិជ្ជមានសរុបកន្លងមក។

Leave a Reply

Your email address will not be published. Required fields are marked *