លោកជំទាវទូតកម្ពុជានៅកូរ៉េខាងត្បូង ទទួលបានពានកោតសរសើរស្នាដៃជោគជ័យជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងការនាំចេញផលិតផលកម្ពុជាមកទីផ្សារកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានទទួលកិត្តិយស និងការកោតសរសើរវាយតម្លៃខ្ពស់ចំពោះវីរភាពក្នុងការជំរុញនាំចេញផលិតផលកម្ពុជាមកទីផ្សារកូរ់េខាងត្បូង នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកជំទាវផ្ទាល់។

ជាវីរភាព និងស្នាដៃថ្មីនៅលើបេសកកម្មការទូត និងការទូតសេដ្ឋកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជ្រឹង បុទុមរង្សី បានទទួលកិត្តិយសត្រូវបានសមាគមក្រុមហ៊ុនអ្នកនាំចូលកូរ៉េ (KOIMA) ផ្តល់ជូននូវពានវត្ថអនុស្សាវរីយ៍កោតសរសើរស្នាដៃរបស់លោកជំទាវក្នុងការជំរុញពង្រឹងទំនាក់ទំនងទ្វេភាគីជាមិត្តភាពរវាងកម្ពុជា និងកូរ៉េខាងត្បូង តាមរយៈការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនលោកជំទាវនៅកាលបរិច្ឆេទថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៥២នៃសមាគម KOIMA និងក្នុងឱកាសថ្ងៃពិសេសទិវានៃការនាំចូលលើកទី១៣ របស់ប្រទេសកូរ៉េ។

លោកជំទាវឯកអគ្គរាជទូតបានបញ្ជាក់ថាលោកជំទាវពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានទទួលការកោតសរសើរពីសមាគមក្រុមហ៊ុនអ្នកនាំចូលកូរ៉េ (KOIMA) ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើនការនាំចេញផលិតផលកម្ពុជាមកកាន់ទីផ្សារប្រទេសកូរ៉េ។

កន្លងមក លោកជំទាវឯកអគ្គរាជទូតតែងដើរតួនាទីប្រកបដោយភាពសកម្ម ក្នុងការជួបពិភាក្សាការងារជាមួយភាគីវិស័យរដ្ឋ និង​ឯកជនកូរ៉េខាងត្បូងជាបន្តបន្ទាប់ក្នុងការជំរុញ និងណែនាំពីសក្កានុពលផលិតផលកម្ពុជាជាច្រើនប្រភេទ ដែលអាចនាំយកមកកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង រួមទាំងផលិតផលកសិកម្ម ផលិតកម្ម និងឧស្សាហកម្មផងដែរ។ លោកជំទាវក៏មានបេសកកម្មជាបន្តបន្ទាប់ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជា ដែលក្នុងនោះមានទាំងការជួបពិភាក្សាជាមួយដៃគូពាក់ព័ន្ធ និងក្រសួងស្ថាប័ននានានៅកម្ពុជា សំដៅជំរុញនីតិវិធី និងសម្របសម្រួលឱ្យផលិតករកម្ពុជាអាចអនុវត្តតាមនីតិវិធីនានាដែលមានជាធរមាន ក្នុងការនាំចេញទៅកាន់ទីផ្សារកូរ៉េខាងត្បូង។

កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើរទន្ទឹមគ្នាទៅនឹងកាលានុវត្តភាពថ្មីចុងក្រោយបង្អស់សម្រាប់ផលិតករកម្ពុជា ដែលទទួលបានក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង បានចូលជាធរមានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ ដែលក្នុងនោះកម្ពុជាទទួលបានការអនុគ្រោះ និងលុបចោលពន្ធគយសម្រាប់ការនាំចូលទៅប្រទេសកូរ៉េ ដល់ទៅ ១១៦៥៦ បន្ទាត់ពន្ធគយ (ប្រមាណ៩៥,០៣% នៃបន្ទាត់ពន្ធគយសរុបរបស់ប្រទេសកូរ៉េខាងត្បូងឯណោះ)។

សូមបញ្ជាក់ថា សមាគម KOIMA គឺជាសមាគមអ្នកនាំចូលដ៏ធំមួយនៅប្រទេសកូរ៉េ បច្ចុប្បន្នសមាគមនេះមានសមាជិកជាង ៨ ៥០០ក្រុមហ៊ុន ហើយមានដៃគូជាមួយក្រុមហ៊ុនក្រៅប្រទេសជាង ៦០ប្រទេស។

  

Leave a Reply

Your email address will not be published. Required fields are marked *