[Breaking] កម្ពុជារកឃើញករណីកូវីដ ៩នាក់បន្ថែមទៀត ជាករណីនាំចូលតាមជើងហោះហើរដដែល ដែលវិជ្ជមាន ១៥ ករណីលើកមុន

ភ្នំពេញ៖ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០៩ នាក់ បន្ថែមទៀតហើយ នៅព្រឹកថ្ងៃទី ១៤ កក្កដា ២០២០ នេះបើតាមការប្រកាសពីក្រសួងសុខាភិបាលកម្ពុជា។

ករណីថ្មី ០៩ នាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ី សាអូឌី និងបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី ១០ កក្កដា ២០២០ កន្លងទៅ ដែលរកឃើញករណីវិជ្ជមាន ១៥ ករណីកាលពីចុងសប្តាហ៍មុនដែរនោះ។ អ្នកជម្ងឺទាំង ៩ នាក់នោះ ត្រូវបានរកឃើញវិជ្ជមានក្រោយការពិនិត្យវត្ថុសំណាកលើកទី២ របស់គាត់ កាលពីយប់ថ្ងៃទី ១៣ កក្កដា ២០២០ ខណៈពេលកំពុងនៅក្នុងការធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅជម្ពូវ័ន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងជើងហោះហើរនេះ មានអ្នកដំណើរសរុប ៨០ នាក់ ដែលគិតមកដល់ថ្ងៃនេះ មាន ២៤ នាក់ហើយត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលនៅមណ្ឌលចាក់អង្រែ ខណៈអ្នកដទៃទៀតកំពុងនៅក្នុងការធ្វើចត្តាឡីស័កនៅឡើយ។

គិតមកដល់ព្រឹកថ្ងៃទី ១៤ កក្កដា ២០២០ នេះ កម្ពុជារកឃើញករណីកូវីដ-១៩ វិជ្ជមានដល់ ១៦៥ នាក់ហើយ (ស្ត្រី ៤០ នាក់ និងបុរស ១២៥ នាក់) ដែលក្នុងនោះបានជាសះស្បើយចំនួន ១៣៣ នាក់ (ស្រ្តី ៣៩នាក់ និងបុរស ៩៤ នាក់)។

 

Leave a Reply

Your email address will not be published. Required fields are marked *