ល្អមែនទែន! ស្ថានទូតខ្មែរចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ជាមួយធនាគារ ស៊ីនយ៉ុប Shinyup Bank កូរ៉េ ជួយសម្រួលលើកម្ចីប្រាក់ជាង ១៣០ប៊ីលានវ៉ុន ជូនដល់ស្រ្តីខ្មែររៀបការ និងរស់នៅប្រទេសកូរ៉េ

កូរ៉េខាងត្បូង៖ ​លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានអញ្ជើញជាអធិបតី ចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ជាមួយនឹងធនាគារ ស៊ីនយ៉ុប Shinyup Bank កូរ៉េ លើការអនុវត្តគម្រោងកម្ចីសម្រាប់ស្រ្តីខ្មែររស់នៅលើទឹកដីកូរ៉េខាងត្បូង ដែលមានទឹកប្រាក់ចំនួន ១៣០ ០០០ ០០០ ០០០វ៉ុន។

តាមរយៈការបង្ហោះផ្សព្វផ្សាយក្នុងទំព័រហ្វេសបុករបស់លោកជំទាវឯកអគ្គរាជទូត បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងគោលបំណងដើម្បីគៀងគរកិច្ចសហប្រតិបត្តិការជាមួយធនាគារកូរ៉េ ក្នុងការជួយឧបត្ថម្ភ និងផ្តល់កម្ចីទឹកប្រាក់ដល់ស្រីខ្មែរ ដែលរៀបការនិងរស់នៅលើទឹកដីកូរ៉េនេះ ហៅថា Multicultural Family Support Program។

លោកជំទាវបញ្ជាក់ថា ដោយពិនិត្យឃើញថាស្រីខ្មែរយើងដែលបានរស់នៅលើទឹកដីកូរ៉េនេះមានការលំបាកក្នុងការចាប់ផ្តើមជីវិតថ្មី ឬមានគំនិតផ្តួចផ្តើមច្រើនតែមិនមានលិទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្ម ឬមានការលំបាកខាងផ្នែកហិរញ្ញវត្ថុផ្សេងៗក្នុងគ្រួសារ ដូច្នេះហើយទើបលោកជំទាវបានស្នើសុំអោយធនាគារពិនិត្យមើលទៅលើលិទ្ធភាពក្នុងការដោះស្រាយបញ្ហានេះជូនបងប្អូនស្ត្រីខ្មែរយើង។

ក្រោយការពិភាក្សាជាច្រើនលើក ធនាគារក៏បានរៀបចំជាគម្រោងកម្ចីដែលមានអត្រាការប្រាក់ទាប មានឈ្មោះថា Multicultural Family Support Program នេះឡើងក្នុងទឹកប្រាក់ ១៣០ ពាន់លានវ៉ុន ដើម្បីជួយដល់គ្រួសារបរទេស ដែលមានចំនួនប្រហែលជា ២០ ០០០គ្រួសារ។ សម្រាប់ព័ត៌មានលម្អិតស្ថានទូតនឹងផ្តល់បន្ថែមក្នុងពេលខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *