កូរ៉េខាងត្បូង៖ តុលាការនៅប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោសបុរសជនល្មើសជាឪពុកមួយរូបឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ នៅថ្ងៃអង្គារនេះ ដោយប្រព្រឹត្តបទល្មើសច្របាច់កកូនប្រុសខ្លួនឯងដែលមានបញ្ហាខ្សោយបញ្ញា អាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ រហូតដល់បាត់បង់ជីវិតកាលពីខែមីនាកន្លងមក ដោយសារតែខឹងកូនប្រុសខ្លួនស្រែករំខានខ្លាំងពេក។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា តាមរយៈការស៊ើបអង្កេតបានឱ្យដឹងថា ជនល្មើសរូបនេះមានអាយុ៣៤ឆ្នាំ បានចាប់ច្របាច់កកូនប្រុសរបស់ខ្លួនរហូតដល់ស្លាប់ នៅនឹងផ្ទះរបស់ខ្លួននៅតំបន់អ៊ីនឆន់ ភាគខាងលិចនៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៥ ខែមីនានេះ ដោយសារតែខឹងនឹងកូនខ្លួន ដែលមិនព្រមដេកទាល់តែសោះ និងយំខ្លាំង។
ជនល្មើសជាឪពុករូបនេះបានលែងលះកាលពីដើមឆ្នាំ២០២០ ហើយបានចិញ្ចឹមកូនតែម្នាក់ឯងអស់រយៈពេលជាងមួយឆ្នាំ ដែលក្នុងអំឡុងពេលនោះ ជនល្មើសជួបនឹងវិបត្តិបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។
តាមរយៈការសួរចម្លើយកន្លងមក ជនល្មើសធ្លាប់បាននិយាយថា គាត់ធ្លាប់បានគិតម្តងរួចមកហើយថានឹងអាច “បោះបង់អ្វីៗទាំងអស់ ហើយសម្លាប់កូនប្រុស និងខ្លួនឯង” បន្ទាប់ពីការព្យាយាមដាក់កូនប្រុសរបស់ខ្លួនឱ្យអ្នកដទៃទទួលចិញ្ចឹមមិនបានសម្រេច។
តុលាការបានបន្តថា៖ «ជនជាប់ចោទ ខណៈដែលមានអាការៈរបួសខ្នងផងនោះ បានប្រព្រឹត្តសកម្មភាពដ៏ឃោរឃៅនេះដោយអចេតនា ដោយសារតែខឹងនឹងការស្រែកយំរបស់ជនរងគ្រោះជាកូនខ្លាំងពេក»។
តុលាការនៅអ៊ីនឆន់ ក៏បានបញ្ជាឱ្យជនល្មើសត្រូវឆ្លងកាត់កម្មវិធីបង្ការការរំលោភបំពានលើកុមាររយៈពេល៨០ ម៉ោង និងត្រូវរងបម្រាមរយៈពេលប្រាំឆ្នាំចំពោះការបំពេញការងារ នៅនឹងទីតាំងដែលមានពាក់ព័ន្ធនឹងកុមារ។