ប្រយ័ត្នមែនទែន! នៅកូរ៉េខាងត្បូង មានករណីបាត់បង់ជីវិតដំបូងគេហើយ ដោយសារអាកាសធាតុក្តៅខ្លាំងនិងរលកកម្តៅទូទាំងប្រទេស ខណៈមានករណីបាត់បង់ជីវិតមួយទៀត គេសន្និដ្ឋានក្រៅផ្លូវការថាមកពីរលកកម្តៅដូចគ្នា

កូរ៉េខាងត្បូង៖ ករណីបាត់បង់ជីវិតដំបូងគេ ដែលគេសន្មតថាអាចបណ្តាលមកពីរលកកម្តៅ និងអាកាសធាតុក្តៅខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូងនាពេលឥឡូវនេះ ត្រូវបានរាយការណ៍ហើយនៅថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលបច្ចុប្បន្ននេះអាកាសធាតុក្នុងប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតក្នុងរដូវក្តៅ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា បុរសម្នាក់វ័យប្រហែលជា៤០ឆ្នាំ បានសន្លប់បាត់បង់ស្មារតីខណៈកំពុងតែរុះរើសឥវ៉ាន់ដាក់លក់នៅក្នុងផ្សារនៅក្នុងខេត្តក្យ៉ុងណាមកាលពីថ្ងៃសុក្រនេះ ហើយបន្ទាប់មកក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ តែបានបាត់បង់ជីវិតទៅហើយ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង។

ក្នុងនោះដែរ មានករណីម្នាក់ទៀតដែលជាបុរសចំណាស់អាយុប្រហែលជា៥០ឆ្នាំ បានសន្លប់បាត់ស្មារតីនៅនឹងសួនច្បារមួយកន្លែងនៅតំបន់ប៊ុនឆន់ ភាគខាងលិចក្រុងសេអ៊ូល កាលពីព្រឹមថ្ងៃអាទិត្យ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ តែក៏បានបាត់បង់ជីវិតទៅហើយ។ បើតាមការបញ្ជាក់របស់បុគ្គលិកមន្ទីរពេទ្យ ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា បុរសរូបនេះត្រូវបានគេសន្និដ្ឋានថា អាចនឹងរងគ្រោះដោយសាររលកកម្តៅខ្លាំង ដោយសារតែសីតុណ្ហភាពរបស់គាត់កើនដល់ទៅ ៤២អង្សារនៅពេលដែលគាត់បានទៅដល់មន្ទីរពេទ្យ។

យ៉ាងណាមិញ សម្រាប់ករណីបុរសទីពីរដែលបានបាត់បង់ជីវិតនេះ មិនទាន់ត្រូវបានគេបញ្ជាក់ជាផ្លូវការថាបណ្តាលមកពីបញ្ហារលកកម្តៅនៅឡើយទេ។

Leave a Reply

Your email address will not be published. Required fields are marked *