សាហាវណាស់! នៅសេអ៊ូលជនល្មើសកូរ៉េម្នាក់ ត្រូវកាត់ទោសជាប់ឃុំឃាំង ៣៥ឆ្នាំ ដោយបានលួចតាមដានសង្សារចាស់ខ្លួន និងចាក់សម្លាប់យ៉ាងឃោរឃៅទាំងដែលជនរងគ្រោះបានប្តឹងប៉ូលិសជាច្រើនដងក៏ដោយ

កូរ៉េខាងត្បូង៖ ជនល្មើសជនជាតិកូរ៉េម្នាក់ជាបុរសអាយុ ៣៦ឆ្នាំម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ៣៥ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នេះពីបទសម្លាប់អតីតមិត្តស្រីរបស់គាត់យ៉ាងឃោរឃៅ ដែលគាត់បានលួចតាមដានអស់រយៈពេលជាច្រើនខែបន្ទាប់ពីគូស្នេហ៍នេះបានបែកបាក់គ្នារួចហើយនោះ។

ជនល្មើសឈ្មោះ គីម ព្យុងចាន់ (Kim Byung-chan) ត្រូវ​បាន​តុលាការកាត់សេចក្តីឱ្យមានទោស លើករណី​បទ​ចាក់​សម្លាប់ជន​រង​គ្រោះ​ជា​ច្រើន​ដង​នៅ​បន្ទប់ទះ​អាផាតិមិន​របស់​នាង​នៅ​កណ្តាល​ក្រុង​សេអ៊ូល​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ បុរសជាជនល្មើស និងជាអតីតសង្សារនេះ បានតាមឃ្លាំមើល និងតាមដានជនរងគ្រោះចាប់តាំងពីពេលដែលពួកគេបានបែកបាក់គ្នារួចមក ពីពាក់កណ្តាលឆ្នាំ២០២០។

ជាមួយនឹងការកាត់សេចក្តីឱ្យមានទោសនេះ ជនល្មើសនឹងត្រូវជាប់ឃុំឃាំងរយៈពេល៣៥ឆ្នាំហើយ តុលាការក្រុងសេអ៊ូលក៏បានបញ្ជាឱ្យគាត់ត្រូវពាក់ឧបករណ៍តាមដានរយៈពេល ១៥ឆ្នាំបន្ថែមទៀតផងដែរ។ បើតាមការទាមទាររបស់អយ្យការ​ពីដំបូង គឺស្នើឱ្យតុលាការកាត់ទោសជនល្មើសឱ្យរងការ​កាត់​ទោស​ជាប់ឃុំឃាំងមួយ​ជីវិត តែមិនបានសម្រេច។

ករណីនេះបានទាក់ទាញចំណាប់អារ​ម្មណ៍សាធារណជនយ៉ាងខ្លាំង ជាពិសេសគឺការខឹងសម្បារទៅលើស្ថានការណ៍ដែលត្រូវបានគេបង្ហាញឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងថាជនល្មើសបានតាមឃ្លាំមើលខ្លួន ទៅកាន់ប៉ុស្តិ៍ប៉ូលិសដល់ទៅ៤ដង ហើយត្រូវបានប៉ូលិសសម្រេចដាក់ជនរងគ្រោះស្ថិតក្រោមការតាមការពារពិសេស។ ស្ត្រី​ជនរងគ្រោះរូប​នេះ​ក៏​បាន​ទទួល​ដីកាពីតុលាការ ហាមឃាត់មិនឱ្យជនល្មើសចូលមកជិតខ្លួនផងដែរ។

តែនៅចំថ្ងៃកើតហេតុ ជនរងគ្រោះបានទាក់ទង​ទូរស័ព្ទទៅប៉ូលិសបន្ទាន់ដល់ទៅ ​២ដង ​តាម​រយៈ​ឧបករណ៍នាឡិកា​ឆ្លាតវៃ​ដែល​ផ្តល់​ដោយ​ប៉ូលិស តែយ៉ាង​ណា​ក៏​ដោយ ក្រុម​សមត្ថកិច្ចប៉ូលិស​បាន​មក​ដល់​កន្លែង​កើត​ហេតុ​យឺត​ពេលទៅហើយ និងមិនអាច​បញ្ឈប់​អំពើ​ឃាតកម្ម​បាននោះទេ ដែលបញ្ហានេះកើតឡើងដោយ​សារ​តែ​ឧបករណ៍​នាឡិកាឆ្លាតវៃដែល​ប៉ូលិសផ្តល់ជូនជនរងគ្រោះសម្រាប់ទាក់ទងនោះមិន​ដំណើរការ។

សូមបញ្ជាក់ថា ប៉ូលីសកូរ៉េបានបង្ហាញជាសាធារណៈនូវព័ត៌មានផ្ទាល់ខ្លួនរបស់ជនល្មើស កាលពីឆ្នាំមុន រួមទាំងឈ្មោះរបស់គាត់ និងរូបថតមុខរបស់គាត់ ដែលជាសមត្ថកិច្ចរបស់ប៉ូលីសក្នុងការបង្ហាញចេញអត្តសញ្ញាណជនល្មើស សម្រាប់ករណីដែលគេចាត់ទុកថាជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។

 

Leave a Reply

Your email address will not be published. Required fields are marked *