ចប់អាណត្តិប្រធានាធិបតី មកនៅផ្ទះខ្លួនឯងវិញភ្លាម លោកអតីតប្រធានាធិបតី មូន ជេអ៊ីន ត្រូវរងសម្លេងរំខានតវ៉ាពីបាតុករដល់មុខផ្ទះរៀងរាល់ថ្ងៃ រហូតដល់ប៉ូលិសចេញមុខអន្តរាគមន៍

កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា នឹងបន្តអនុញ្ញាតឱ្យមានការប្រមូលផ្តុំគ្នា និងរៀបចំបាតុកម្មតវ៉ាបាននៅមុខគេហដ្ឋានរបស់អតីតប្រធានាធិបតី លោក មូន ជេអ៊ីន ស្ថិតនៅក្នុងទីក្រុងយ៉ុងសាន ប៉ុន្តែចំពោះសកម្មភាពខុសច្បាប់ គឺនឹងត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹង។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការដ៏តឹងរ៉ឹង នឹងត្រូវធ្វើឡើងស្របតាមច្បាប់ និងគោលការណ៍ដើម្បីបង្ការ និងប្រឆាំងនឹងអំពើខុសច្បាប់ ដែលបង្កដោយក្រុមបាតុករប្រឆាំងអតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបនឹងចុះពីតំណែងហើយបានត្រឡប់មករស់នៅក្នុងជីវភាពសាមញ្ញនៅផ្ទះផ្ទាល់ខ្លួនឥឡូវនេះ ដែលសកម្មភាពខុសច្បាប់ពួកបាតុករបានបង្កឡើងមានដូចជា សំឡេងរំខានលើសពីកម្រិតដែលអាចអនុញ្ញាតបាន និងការរំលោភលើជីវិតឯកជនសន្តិភាពរបស់អ្នកស្រុកជាដើម។

នេះជាលើកទីមួយហើយ ដែលប៉ូលីសកូរ៉េខាងត្បូងបានបង្ហាញជំហរជាផ្លូវការលើបញ្ហានេះ ខណៈដែលគ្រួសារលោកអតីតប្រធានាធិបតី បានដាក់ពាក្យរាយការណ៍ ពីការបង្កសំឡេងរំខានខ្លាំងៗ និងការស្រែកពាក្យប្រមាថពីក្រុមបាតុករ ចាប់តាំងពីរូបលោក និងគ្រួសារបានមកដល់ផ្ទះថ្មីរបស់ពួកគេនៅក្នុងភូមិព្យ៉ុងសាន នៅទីក្រុងយ៉ុងសាន ចម្ងាយប្រមាណ ៤២០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ចាប់តាំងពីថ្ងៃទី១១ ខែឧសភាបន្ទាប់ពីគាត់ចូលនិវត្តន៍ពីតំណែងជាប្រធានាធិបតីរួចមក។

ផ្ទះរបស់លោកអតីតប្រធានាធិបតីរូបនេះ ស្ថិតនៅក្នុងភូមិជនបទតូច​មួយ ដែលមានគ្រួសារត្រឹមតែ៥៤ គ្រួសារប៉ុណ្ណោះ។ លោកអតីតប្រធានាធិបតី មូន ជេអ៊ីន និងប្រពន្ធរបស់គាត់ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងបាតុករមួយចំនួនកាលពីថ្ងៃទី៣១ ឧសភា ខណៈដែលអ្នកភូមិជាង៥០គ្រួសារទៀត ក៏បានរាយការណ៍ទៅប៉ូលីសជុំវិញសំលេងរំខានពីបាតុករផងដែរ។

សេចក្តីថ្លែងការណ៍របស់ស្ថាប័នប៉ូលីស ត្រូវបានចេញប្រកាសឡើង ខណៈដែលស្ថាប័នប៉ូលីសត្រូវបានរិះគន់ដោយអ្នកគាំទ្ររបស់លោកអតីតប្រធានាធិបតី មូន ចំពោះការមិនបានអើពើ និងឆ្លើយតបរបស់ប៉ូលិសចំពោះបាតុកម្មប្រឆាំងដ៏ចម្រូងចម្រាសនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា រហូតមកដល់ពេលនេះ ប៉ូលីសបានដាក់កំហិត និងហាមប្រាមលើការប្រមូលផ្តុំដោយក្រុមអ្នកតវ៉ាប្រឆាំងអតីតប្រធានាធិបតី មូននៅក្នុងភូមិហើយ និងបានបើកការស៊ើបអង្កេតលើសកម្មភាពខុសច្បាប់របស់ពួកគេ ដោយផ្អែកលើញត្តិរបស់អ្នកភូមិ និងច្បាប់សភា និងបាតុកម្ម។

ប៉ូលិសកាលពីសប្តាហ៍មុនបានហាមមិនអនុញ្ញាតលើកដំបូង លើការស្នើសុំរៀបចំការជួបជុំចំនួនពីរ ដែលគ្រោងធ្វើឡើងដោយអង្គការតំណាងឱ្យជនរងគ្រោះនៃដែលប៉ះពាល់ប្រតិកម្មពីការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមក។ ក្នុងនោះដែរ តំណាងរាស្រ្តមួយចំនួនមកពីគណបក្សប្រជាធិបតេយ្យ ដែលបច្ចុប្បន្ននេះ ជាគណបក្សប្រឆាំង បានស្នើធ្វើវិសោធនកម្មច្បាប់លើការធ្វើបាតុកម្ម ដើម្បីហាមឃាត់ការប្រមូលផ្តុំ និងបាតុកម្មនៅតំបន់ជុំវិញផ្ទះអតីតប្រធានាធិបតីដែលចុះពីអណត្តិផងដែរ។

ក្រុមបាតុករប្រឆាំងអតីតប្រធានាធិបតី ប្រើប្រាស់រូបខ្នោះក្លែងក្លាយ និងបង្កសម្លេងស្រែករំខាននៅមុខផ្ទះអតីតប្រធានាធិបតី មូន ជេអ៊ីន ដែលទើបនឹងចុះពីតំណែង

 

Leave a Reply

Your email address will not be published. Required fields are marked *