កូរេ៉ខាងត្បូង៖ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី០៦ និងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចូលរួមរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្ម នៅមជ្ឈមណ្ឌលពិព័រណ៍ (KINTEX) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានការដាក់តាំងបង្ហាញពីផលិតផលជាច្រើនប្រភេទរបស់កម្ពុជា ដែលមានតំណាងចូលរួមផ្ទាល់ពីក្រុមហ៊ុនកម្ពុជាដល់ទៅ៥ក្រុមហ៊ុន។
ព្រឹត្តិការណ៍ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដែលក្នុងឱកាសតភ្ជាប់ពាណិជ្ជកម្មដ៏ពិសេសនេះ មានវត្តមានក្រុមហ៊ុនកម្ពុជាចូលរួម និងនាំយកផលិតផលជាសក្តានុពលរបស់ខ្លួនទៅដាក់តាំងបង្ហាញដល់ទៅចំនួន ០៥ក្រុមហ៊ុនរួមមាន៖ 1). ក្រុមហ៊ុន MISOTA FOOD IMPORT EXPORT CO.,ltd. 2). ក្រុមហ៊ុន CSL ENTERPRISE, 3). ក្រុមហ៊ុន PHKA DOUNG HANDICRAFT, 4). ក្រុមហ៊ុន CONFIREL CO.,LTD. និង 5). ក្រុមហ៊ុន SCW3 CO.,LTD។
ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីជាឱកាសឱ្យពាណិជ្ជកម្មរបស់ប្រទេសនានា អាចរំលេច និងដាក់តាំងបង្ហាញផលិតផលសំខាន់ៗជាសក្តានុពលដែលអាចទាក់ទាញទីផ្សារកូរ៉េបាន ដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុននាំចេញ នាំចូល កម្ពុជា-កូរ៉េផងដែរ។ ក្នុងឱកាសនៃការរៀបចំពិព៍រណ៌នេះ ក៏មានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ពាណិជ្ជករ និងសាធារណជនកូរ៉េ ដែលក្នុងនោះរវាងអ្នកលក់ និងអ្នកទិញ បានជួបពិភាក្សា ប្រឹក្សាយោបល់ ក្នុងការនាំផលិតផលសក្តានុពលខ្មែរពីកម្ពុជាចូលមកទីផ្សារកូរ៉េបន្ថែមទៀតផងដែរ។