ស៊ុងរី អតីតតារាល្បីកូរ៉េ សមាជិកក្រុម BigBang ពេលនេះត្រូវបញ្ជូនចេញពីគុកយោធា មកអនុវត្តទោសបន្តនៅមន្ទីរឃុំឃាំងស៊ីវិល ៨ ខែទៀតប៉ុណ្ណោះ ក្រោយពីបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួន

កូរ៉េខាងត្បូង៖ ស៊ុងរី (Seungri) អតីតសមាជិកក្រុមចម្រៀងល្បីកូរ៉េខាងត្បូង BIGBANG ដែលបច្ចុប្បន្នកំពុងជាប់ឃុំឃាំងពាក់ព័ន្ធបទល្មើសជាច្រើនរួមមានការជួញដូរពេស្យាចារ និងបទល្មើសពាក់ព័ន្ធដទៃទៀតនោះ នៅថ្ងៃនេះ នឹងត្រូវបានគុកយោធាកូរ៉េខាងត្បូងដោះលែង ដើម្បីបញ្ជូនឱ្យមកអនុវត្តទោសបន្តនៅក្នុងមន្ទីរឃុំឃាំងស៊ីវិលវិញហើយ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ជនល្មើសរូបនេះ ត្រូវបានមន្ទីរឃុំឃាំងយោធាកូរ៉េខាងត្បូងដោះលែងហើយ ដោយបញ្ចប់ឋានៈជាកងទ័ពរបស់ជនរូបនេះ និងបញ្ជូនបន្តឱ្យមកអនុវត្តទោសរបស់ខ្លួនក្នុងមន្ទីរឃុំឃាំងស៊ីវិលធម្មតាវិញ សម្រាប់រយៈពេលជាប់ទោសដែលនៅសល់។ ជនល្មើសជាអតីតតារាចម្រៀងល្បីឈ្មោះរូបនេះ ត្រូវបានជាប់ពាក់ព័ន្ធល្មើសនៅក្នុងរឿងអាស្រូវដែលបានកើតឡើង ហើយដែលធ្វើអោយឧស្សាហកម្មតន្ត្រីចម្រៀងកូរ៉េខាងត្បូង K-pop ផ្ទុះកក្រើកខ្លាំងក្នុងឆ្នាំ២០១៩កន្លងមក។

ក្នុងរយៈពេលនៃការស៊ើបអង្កេត និងកាត់ក្តីនោះ ដោយសារតែជនល្មើសរូបនេះ ត្រូវជាប់បំពេញកាតព្វកិច្ចយោធាទើបតម្រូវឱ្យជនល្មើសត្រូវជាប់ឃុំឃាំងបណ្តោះអាសន្នក្នុងគុកយោធា ក្នុង​ទីក្រុងអ៊ីឆន់ ចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល។ ជនល្មើសរូបនេះ ដែលមានឈ្មោះ​ពិត​ថា លី ស៊ុងយ៉ុន (Lee Seung-hyun) ត្រូវបានបិទបញ្ចប់ករណីកាត់ក្តីនៅតុលាការរបស់ខ្លួនកាលពីខែមុន ដោយត្រូវតុលាការតម្រូវឱ្យជាប់ទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំកន្លះ ដូចនេះហើយ ទើបត្រូវផ្លាស់ប្តូរពីការឃុំឃាំងក្នុងគុកយោធា មកជាមណ្ឌលកែប្រែជនស៊ីវិលវិញចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ។

សូមបញ្ជាក់ថា ជាគោលការណ៍ កាតព្វកិច្ចបម្រើយោធារបស់ជនល្មើសរូបនេះ ត្រូវបានបញ្ចប់តាំងពីខែកញ្ញា ឆ្នាំមុនមកម្លេះ តែដោយសារតែនៅជាប់ពាក់ព័ន្ធនឹងក្តីក្តាំនេះ ទើបត្រូវជាប់ឃុំឃាំងបណ្តោះអាសន្នក្នុងគុកយោធារហូតដល់ការកាត់សេចក្តីក្នុងតុលាការត្រូវបានបិទបញ្ចប់។ ដូចនេះ គាត់នឹងត្រូវផ្ទេរទៅកាន់មណ្ឌលកែប្រែជនស៊ីវិលក្បែរនោះក្នុងទីក្រុងយ៉ជូ Yeoju ចម្ងាយ 105 គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីវិញ។

បើតាមការអនុវត្តរយៈពេល១ឆ្នាំកន្លះដែលតុលាការសម្រេច ជនល្មើសរូបនេះត្រូវជាប់ឃុំឃាំងក្នុងមណ្ឌលកែប្រែជនស៊ីវិលតែត្រឹមប៉ុន្មានខែទៀតប៉ុណ្ណោះ ដោយទោសរបស់គាត់​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ ដែលបង្កឱ្យមតិខឹងសម្បារ និងរិះគន់មួយចំនួនផងដែរពីសំណាក់មតិសាធារណជន។

Leave a Reply

Your email address will not be published.