ក្នុងឆ្នាំ២០២០ ចំពេពេលដែលផ្ទុះកូវីដខ្លាំង ក្នុងចំណោមមនុស្ស១០០នាក់នៅកូរ៉េខាងត្បូង មានដល់ទៅ១៥នាក់ ដែលបានផ្លាស់ប្តូរការងារ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្សជិត ១៥ នាក់ក្នុងចំណោម ១០០ នាក់ ដែលមានការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្លាស់ប្តូរការងារក្នុងឆ្នាំ ២០២០ កន្លងទៅ ចំពេលដែលទីផ្សារការងារធ្លាក់ចុះដែលរងការវាយប្រហារដោយជំងឺរាតត្បាតកូវីដ-១៩។

ចំនួនបុគ្គលិកដែលបានចុះឈ្មោះនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានសិទ្ធិទទួលបានកម្មវិធីធានារ៉ាប់រងរបស់រដ្ឋបានកើនឡើងដល់ ២៤.៨៣លាននាក់ ក្នុងឆ្នាំ ២០២០ កើនឡើង ១.៩% ធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យពីស្ថាប័នស្ថិតិកូរ៉េ។ ក្នុងចំណោមអ្នកទាំងនោះ មានចំនួនប្រមាណ ៣.៦៧លាននាក់ បានផ្លាស់ប្តូរការងារក្នុងឆ្នាំ២០២០ ដែលស្មើនឹង១៤.៨% នៃចំនួនអ្នកបំពេញការងារសរុប។

យ៉ាងណាមិញ តួលេខនេះបង្ហាញថា អត្រាអ្នកផ្លាស់ប្តូរការងារឆ្នាំ ២០២០ បានធ្លាក់ចុះពី តួលេខចំនួន ១៥.៩% ដែលបានកត់ត្រាសម្រាប់ឆ្នាំ២០១៩។ ក្នុងចំណោមមនុស្សដែលផ្លាស់ប្តូរការងារ មនុស្សដែលមានអាយុចន្លោះពី១៥ ដល់២៩ឆ្នាំមានចំនួន ២០.៥% ខណៈដែលអ្នកដែលមានអាយុ ៤០ឆ្នាំ មានចំនួន១៣%។

ក្នុងចំណោមនិយោជិតដែលបានចុះឈ្មោះសរុប មានមនុស្សចំនួន ១៧.២លាននាក់បានបន្តធ្វើការងារដដែលក្នុងឆ្នាំ២០២០។ ក្នុងនោះដែរ ទិន្នន័យបានបង្ហាញថា ៥៩.២% នៃអ្នកដែលបានផ្លាស់ប្តូរការងារបានឃើញប្រាក់ឈ្នួលរបស់ពួកគេកើនឡើងនៅឆ្នាំ២០២០។

ប្រទេសកូរ៉េខាងត្បូងបានកាត់បន្ថយចំនួនការងារច្រើនបំផុតក្នុងរយៈពេល ២២ ឆ្នាំចុងក្រោយ កាលពីឆ្នាំ ២០២០ កន្លងទៅដោយសារតែស្ថានការណ៍ប៉ះពាល់ពីជំងឺរាតត្បាតសកល។ ចំនួន​អ្នក​មាន​ការងារ​ធ្វើ​ធ្លាក់ចុះមកនៅត្រឹម ២៦.៩លាន​នាក់​ក្នុង​ឆ្នាំ២០២០ ដោយបានធ្លាក់​ចុះ ២១៨ ០០០ នាក់ ​ធៀប​នឹង​ឆ្នាំ​មុន។ អត្រាគ្មានការងារធ្វើបានឈានដល់ ៤% ក្នុងឆ្នាំ២០២០ កើនឡើងពី ៣.៨% ក្នុងឆ្នាំ២០១៩។

Leave a Reply

Your email address will not be published. Required fields are marked *