កូរ៉េខាងត្បូង៖ ទំហំបំណុលគ្រួសាររបស់ប្រជាជនកូរ៉េខាងត្បូង បើប្រៀបធៀបទៅនឹងទំហំសេដ្ឋកិច្ច ត្រូវបានគេរកឃើញថាមានកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្អភិវឌ្ឍធំៗ ដែលបញ្ហានេះនឹងធ្វើឱ្យរដ្ឋាភិបាលកាន់តែពិបាកក្នុងការបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់កម្ចីគ្រួសារផងដែរ។
តាមរយៈអត្ថបទចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម របាយការណ៍ “បំណុលសកល” ចុងក្រោយបង្អស់ដែលចេញផ្សាយដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បង្ហាញឱ្យដឹងថាប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចអភិវឌ្ឍធំៗចំនួន៣៦ប្រទេស សម្រាប់បំណុលគ្រួសារធៀបទៅនឹងអត្រាចំណូលសេដ្ឋកិច្ច គិតត្រឹមដំណាច់ត្រីមាសទី១ ក្នុងឆ្នាំនេះ។
សមាមាត្របំណុលគ្រួសាររបស់ប្រទេសកូរ៉េខាងត្បូងទៅនឹងកម្រិតផលិតផលក្នុងស្រុកសរុប ឬជាប្រាក់ចំណូលប្រចាំឆ្នាំ (GDP) មានចំនួនដល់ទៅ ១០៤.៣% ដែលធ្វើឱ្យប្រទេសកូរ៉េក្លាយជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសដែលបានស្ទង់មតិចំនួន៣៦ ដែលកម្រិតនៃបំណុលគ្រួសារលើសពីប្រាក់ចំណូល។ ប្រទេសកូរ៉េត្រូវបានតាមពីក្រោយដោយប្រទេសលីបង់ ដែលសមាមាត្រមាន ៩៧,៨% ហុងកុង ៩៥,៣% ថៃ ៨៩,៧% ចក្រភពអង់គ្លេស ៨៣,៩% និងសហរដ្ឋអាមេរិក ៧៦,១%។
ខណៈដែលចំនួនបំណុលគ្រួសារធៀបទៅនឹង GDP របស់ប្រទេសជិតខាង ដូចជាចិន និងជប៉ុន សុទ្ធតែមានកម្រិតទាបជាងប្រទេសកូរ៉េ គឺត្រឹមតែ ៦២.១% សម្រាប់ប្រទេសចិន និង ៥៩.៧% សម្រាប់ប្រទេសជប៉ុន។
ខណៈពេលដែលទំហំបំណុលគ្រួសារធៀបនឹង GDP របស់ប្រទេសភាគច្រើន បានថយចុះធៀបទៅនឹងឆ្នាំមុន កូរ៉េខាងត្បូងក៏មានការថយចុះផងដែរ គឺចំនួន ០.៧% ពី ១០៥% កាលពីឆ្នាំមុនមកត្រឹម ១០៤.៣% នៅឆ្នាំនេះ។ កម្រិតធ្ងន់ធ្ងរនៃទំហំបំណុលលើគ្រួសារ ត្រូវបានគេរំពឹងថា នឹងបន្តជំរុញធនាគារកូរ៉េ (BOK) ដំឡើងអត្រាការប្រាក់កម្ចី។