រដូវក្តៅ​នៅកូរ៉េខាងត្បូងឆ្នាំនេះក្តៅខ្លាំង ស្របនឹងការបើកសេដ្ឋកិច្ចក្រោយកូវីដទៀតនោះ នាំឱ្យមានការបារម្ភខ្លាចអគ្គិសនីប្រើប្រាស់មិនគ្រប់ អាចប្រឈមនឹងការដាច់ភ្លើងញឹកញាប់មិនខាន

កូរ៉េខាងត្បូង៖ កំពុងមានក្តីបារម្ភកើនឡើងខ្លាំង ជុំវិញការដាច់ភ្លើងដែលអាចកើតមាននៅក្នុងរដូវក្តៅនេះក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតម្រូវការថាមពលបានកើនឡើងខណៈដែលអាកាសធាតុក្តៅឆ្នាំនេះ ខ្លាំងខុសពីធម្មតា នេះបើយោងតាមការលើកឡើងអ្នកតាមដាន និងវិភាគសេដ្ឋកិច្ចកូរ៉េកាលពីថ្ងៃអាទិត្យមុននេះ។

ចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីកូរ៉េ ខេបកូ Korea Electric Power Corp. (KEPCO) ដែលគ្រប់គ្រងដោយរដ្ឋ មិនអាចដំឡើងសេវាប្រើប្រាស់អគ្គិសនីបានទេក្នុងរយៈពេលចុងក្រោយនេះ បើទោះបីជាតម្លៃធ្យូងថ្ម ឧស្ម័នធម្មជាតិ និងវត្ថុធាតុដើមផ្សេងទៀតកើនឡើងក៏ដោយ ដែលធ្វើឱ្យប្រព័ន្ធបណ្តាញអគ្គិសនីរបស់ប្រទេសនេះកាន់តែងាយរងគ្រោះ។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីកូរ៉េ ខេបកូ ដែលគ្រប់គ្រងដោយរដ្ឋនេះមិនអាចដំឡើងថ្លៃអគ្គិសនីបានទេ ដោយសារតែវិធានការសង្គ្រោះបន្ទាន់ដែលត្រូវបានអនុវត្ត ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាវិធានការដាក់ចេញដោយរដ្ឋបាលអតីតប្រធានាធិបតី មូន ជេអ៊ីន ដើម្បីព្យាយាមកាត់បន្ថយអតិផរណាផងដែរ។

ក្រុមអ្នកវិភាគបាននិយាយថា បច្ចុប្បន្ននេះមានបញ្ហាប្រឈមខ្លាំងក្នុងការឆ្លើយតបទៅនឹងការរាំងខ្ទប់មិនឱ្យមានការតម្លើងថ្លៃសេវាកម្មអគ្គិសនីតទៅទៀត ដោយសារតម្រូវការថាមពលកាន់តែខ្ពស់ និងការធ្លាក់ចុះនៃទុនបម្រុងនៅក្នុងខែឧសភា ជាមួយនឹងការខាតបង់ប្រតិបត្តិការផ្ទាល់របស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនេះ ដែលតាមការប៉ាន់ប្រមាណរបស់ខ្លួន មានការខាតបង់រហូតដល់ជាង ៣០ពាន់ពាន់លានវ៉ុននៅឆ្នាំនេះ។

សម្រាប់ឆ្នាំនេះដែលមានអាកាសធាតុក្តៅខ្លាំងនោះ រួមនិងការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងច្រើនបន្ទាប់ពីជំងឺរាតត្បាតជាច្រើនឆ្នាំបន្ទាប់ពីការបន្ធូរបន្ថយ និងដកបម្រាមគម្លាតសង្គមទាំងអស់ទៀតនោះ តម្រូវការថាមពលអគ្គិសនីអតិបរមាប្រចាំខែរបស់ប្រទេសកូរ៉េមានជាមធ្យម ៦៦,២៤៣ មេហ្គាវ៉ាត់ក្នុងខែឧសភា កើនឡើង ៤.៥% ធៀបនឹងឆ្នាំមុន ជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៥។

តួលេខប្រើប្រាស់ថាមពលអគ្គិសនីអតិបរិមាប្រចាំខែនៅកូរ៉េខាងត្បូងឆ្នាំនេះ ចាប់ផ្តើមមុនរយៈពេល២ខែទៅហើយ គឺជាបញ្ហាប្រឈមខ្លាំង ដែលទំនងជាជំរុញឱ្យអាជ្ញាធរគ្រប់គ្រងអគ្គិសនីត្រូវត្រៀមខ្លួនឱ្យហើយ ឆ្លើយតបទៅនឹងបញ្ហាកង្វះអគ្គិសនី និងការដាច់ចរន្តអគ្គិសនីដែលអាចកើតមានខ្ពស់នៅរដូវក្តៅ។

សេដ្ឋវិទូនៃសាកលវិទ្យាល័យជាតិសេអ៊ូល លោក Lee In-ho បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវប្រឈមមុខនឹងកិច្ចការដ៏ប្រឈមក្នុងការធ្វើឱ្យមានតុល្យភាពរវាងការខាតបង់យ៉ាងខ្លាំងរបស់ស្ថាប័នផ្គត់ផ្គង់អគ្គិសនី KEPCO ឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃអគ្គិសនីរដូវក្តៅផង និងសកម្មភាពសេដ្ឋកិច្ចផង និងម្ខាងទៀត ក្នុងការទប់ស្កាត់អតិផរណាផង ដោយសារការតម្លើងថ្លៃអគ្គិសនីកាន់តែខ្ពស់នឹងធ្វើឱ្យអតិផរណាក្នុងស្រុកកាន់តែកើនឡើងខ្លាំងថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *