កូរ៉េខាងត្បូង៖ ចំនួនជនមិនទាន់គ្រប់អាយុ (អនីតិជន) នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលផឹកស្រាបានធ្លាក់ចុះមកនៅត្រឹមតែ ១០ ភាគរយ តែក្នុងនោះមានដល់ទៅ ៤នាក់ក្នុងចំណោម ១០នាក់នៃអ្នកដែលមិនទាន់គ្រប់អាយុ ហើយផឹកស្រា គឺជាអ្នកផឹកស្រាសម្រុកខ្លាំង ដែលយើងតែងស្គាល់ថាជាអ្នក «លើកដាច់ៗ» នោះ។
តាមរយៈអត្ថបទចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម បានឱ្យដឹងថាការសិក្សារបស់រដ្ឋាភិបាលកូរ៉េនាពេលថ្មីៗនេះ បានរកឃើញថា អ្នកដែលមិនទាន់គ្រប់អាយុ ហើយផឹកស្រាច្រើនប្រភេទនេះ គឺផឹកប្រហែល៥ទៅ៦ដងឯណោះក្នុងមួយសប្តាហ៍ ហើយទទួលទានស្រាសូជូ (Soju) ច្រើនជាងមួយដបក្នុងមួយដង។ ស្រាសូជូ (Soju) គឺជាស្រាកូរ៉េដ៏ពេញនិយមដែលមានជាតិអាល់កុលពី ១៥ទៅ ២០ ភាគរយដែលមានក្នុងដបពណ៌បៃតង ចំណុះ៣៦០ មីលីលីត្រ។
យោងតាមការស្ទង់មតិសុខភាពជាតិរបស់ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) ស្ថិតិសង្ខេបស្តីពីការផឹកស្រារបស់យុវវ័យ ដែលបានចេញផ្សព្វផ្សាយនៅថ្ងៃច័ន្ទនេះ បានឱ្យដឹងថា ចំនួនអ្នកផឹកមិនទាន់គ្រប់អាយុបានធ្លាក់ចុះក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ។ លទ្ធផលនៃរបាយការណ៍ដែល KDCA បានរៀបចំឡើងនេះ គឺត្រូវបានធ្វើដោយផ្អែកលើការស្ទង់មតិសុខភាពយុវជនរបស់សិស្សមធ្យមសិក្សា និងវិទ្យាល័យប្រមាណជាង ៦ម៉ឺននាក់នៅទូទាំងប្រទេស ដែលទីភ្នាក់ងារនេះបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៥មក។
របាយការណ៍នេះធ្វើឡើង ដោយចាត់ចំណាត់ថ្នាក់ «អ្នកដែលផឹកសា្រច្រើន» ជាបុរសដែលផឹកស្រាសូជូ (Soju) លើសពី៥កែវតូច ដោយការចាក់នីមួយៗមានប្រហែល ៥០ ទៅ៧០ មិល្លីលីត្រ ខណៈសម្រាប់មនុស្សស្រីវិញ គឺអ្នកដែលផឹកស្រាសូជូ (Soju) ចំនួន៣ កែវតូចឡើងទៅ។ សរុបមក ក្នុងចំណោមអ្នកដែលមិនទាន់គ្រប់អាយុ ដែលគេធ្វើសម្រង់មតិនេះរកឃើញថា មានដល់ទៅ ៤២.៥% នៃបុរស និង ៤៩.៨% នៃស្ត្រី គឺត្រូវបានចាត់ចូលជាករណីបែបនេះ។
របាយការណ៍បាននិយាយថា អ្នកផឹកស្រាច្រើនមានទំនោរផឹកស្រាសូជូ (Soju) ច្រើនជាងមួយដបនៅពេលពួកគេចាប់ផ្តើមផឹក។ ការផឹកស្រាជាមធ្យមរបស់អ្នកដែលចូលរួមធ្វើសម្រង់មតិ ដែលជាអ្នកផឹកស្រាទាំងមិនទាន់គ្រប់អាយុជាបុរសគឺចំនួន ១០.៤ កែវតូចជាមធ្យម ឬមួយដបកន្លះនៃស្រាសូជូ (soju) និងចំនួន ៧.៤ កែវតូចជាមធ្យម ឬមួយដបស្រាសូជូ (soju) សម្រាប់ស្រ្តី។
ដូចគ្នានេះផងដែរ គេក៏រកឃើញផងដែរ អ្នកផឹកស្រាមិនទាន់គ្រប់អាយុភាគច្រើនដល់ទៅ៨៥% អាចទិញស្រាបានដោយមិនចាំបាច់បង្ហាញអត្តសញ្ញាណរបស់ពួកគេ ហើយរបាយការណ៍នេះបានរកឃើញថាការអាចទិញ និងផឹកស្រាសម្រាប់អ្នកមិនទាន់គ្រប់អាយុនេះ គឺកាន់តែមានភាពងាយស្រួលក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដផងដែរ។
ជាទូទទាំងបុរស និងស្ត្រីដែលផឹកមិនទាន់គ្រប់អាយុ ធ្លាប់មានបទពិសោធន៍ជក់បារី ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត និងខកខានទទួលទានអាហារពេលព្រឹកញឹកញាប់ជាងអ្នកដែលមិនផឹក។ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់រដ្ឋសភាកូរ៉េខាងត្បូង បទប្បញ្ញត្តិរបស់ប្រទេសកូរ៉េស្តីពីផលិតផលគ្រឿងស្រវឹងគឺខ្សោយជាងបើប្រៀបធៀបទៅនឹងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀត (ប្រទេស OECD)។ ប្រទេសកូរ៉េខាងត្បូង មានការរឹតត្បិតតែលើអាយុ និងការលក់មួយចំនួនប៉ុណ្ណោះ ខណៈពេលដែលប្រទេសអភិវឌ្ឍន៍ដទៃទៀត មានការកំណត់ការចូលប្រើប្រាស់ក្នុងច្រើនរូបភាពជាងប្រទេសកូរ៉េ រួមទាំងការរឹតត្បិតនៅលើការផ្សាយពាណិជ្ជកម្ម ទីកន្លែង ពេលវេលា និងកាលបរិច្ឆេទសម្រាប់ការលក់គ្រឿងស្រវឹងផងដែរ។