កូរ៉េខាងត្បូង៖ សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានបាញ់បង្ហោះកាំជ្រួចបាលីស្ទីកមីស៊ីលដល់ទៅ ៨គ្រាប់ ទៅក្នុងសមុទ្រភាគខាងកើតប្រទេស ជាការឆ្លើយតបទៅនឹងសកម្មភាពគគ្លើនរបស់កូរ៉េខាងជើងដែលបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បើតាមការបញ្ជាក់របស់ក្រុមកងកម្លាំងយោធាកូរ៉េខាងត្បូង។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ក្រុមសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថាខ្លួន និងសម្ព័ន្ធមិត្តបានបង្ហោះប្រភេទកាំជ្រួចមីស៊ីលបាញ់ពីដី ដែលមានឈ្មោះបច្ចេកទេសថា ATACMS ចេញពីតំបន់ឆ្នេរភាគខាងកើតប្រទេសកូរ៉េខាងត្បូងនៅខេត្តហ្គាងវ៉ុន ថ្ងៃចន្ទនេះវេលាព្រឹកព្រលឹមម៉ោង ៤:៤៥នាទីព្រឹក ហើយការបាញ់បង្ហោះនេះមានរយៈពេលប្រហែលជាង១០នាទីឯណោះ។
សូមបញ្ជាក់ថា ការបាញ់បង្ហោះនេះត្រូវបានគេដឹងយ៉ាងច្បាស់ គឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពកូរ៉េខាងជើង ដែលកាលពីថ្ងៃអាទិត្យបានបង្ហោះកាំជ្រួចបាលីស្ទីករយៈចម្ងាយខ្លីចំនួន ៨គ្រាប់ ចេញពីទីតាំង៤ផ្សេងៗគ្នា ទៅក្នុងសមុទ្រខាងកើត ក្រោយពីការធ្វើសមយុទ្ធយោធារួមគ្នាមួយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកាលពីសប្តាហ៍មុន ដែលក្នុងសមយុទ្ធរួមគ្នានោះមានការចូលរួមពីសមាសភាពនាវាដឹកយន្តហោះរបស់អាម៉េរិកផងដែរ។
បើតាមការប្រកាសរបស់សេនាធិការចម្រុះកូរ៉េខាងត្បូងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានឱ្យដឹងថា កូរ៉េខាងត្បូង រួមគ្នានឹងសហរដ្ឋអាម៉េរិកបានបង្ហោះកាំជ្រួចមីស៊ីលចេញពីផ្ទៃដៃនេះ ដើម្បីបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់ ក្នុងករណីដែលមានតម្រូវប្រើប្រាស់ភ្លាមៗ ជាពិសេសការបាញ់ភ្លាមៗឆ្លើយតបទៅប្រភពនៃសកម្មភាពណាដែលបំពានមកលើកូរ៉េខាងត្បូង។
ក្នុងនោះដែរ ជាមួយសកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើងនាពេលកន្លងមក មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ និងព្រមានថាសកម្មភាពបំពានរបស់យោធាកូរ៉េខាងជើង នឹងត្រូវប្រឈមនឹងសកម្មភាពឆ្លើយតបជាក់ជាមិនខាននោះទេ។