កូវីដកាន់តែធូរស្រាល! ពីថ្ងៃនេះទៅ កូរ៉េខាងត្បូងបន្ថយវិធានការតេស្តកូវីដ ៣ធំៗ បន្ថែមទៀត សម្រាប់ជនបរទេសមកដល់កូរ៉េខាងត្បូង ហើយអាចទៅលេងកោះជេជូបាន មិនបាច់មានទិដ្ឋាការទៀត

កូរ៉េខាងត្បូង៖ ស្របពេលដែលស្ថានការណ៍កូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែមានភាពធូរស្រាលច្រើននោះ វិធានការគម្លាតសង្គម និងចត្តាឡីស័កដែលតម្រូវអនុវត្តសម្រាប់អ្នកធ្វើដំណើរចូលមកក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែមានការបន្ធូរបន្ថយជាងមុនច្រើនហើយ ចាប់ពីថ្ងៃទី១ ខែមិថុនានេះ ចំពេលដែលរដូវកាលវិស្សមកាលរដូវក្តៅក៏កាន់តែខិតជិតមកដល់នោះ។

ចុះផ្សាយក្នុងសារព័ត៌មានវ៉ាយធីអិនរបស់កូរ៉េ បានឱ្យដឹងថា​វិធានការថ្មីនឹងមិនតម្រូវជាកាតព្វកិច្ចឱ្យអ្នកធ្វើដំណើរមកដល់កូរ៉េខាងត្បូង ត្រូវធ្វើតេស្តកូវីដរហ័សនៅថ្ងៃទី៦ ឬថ្ងៃទី៧ ក្រោយចូលដល់ក្នុងប្រទេសកូរ៉េទៀតនោះទេ មានន័យថាសម្រាប់វិធានការថ្មី ការធ្វើតេស្តរហ័សនៅថ្ងៃទី៦ ឬថ្ងៃទី៧ គឺគ្រាន់ត្រូវបានអាជ្ញាធរជំរុញឱ្យបុគ្គលធ្វើប៉ុណ្ណោះ តែមិនចាំបាច់ជាកាតព្វកិច្ចនោះទេ។ សម្រាប់ការអនុវត្តគិតត្រឹមថ្ងៃម្សិលមិញ គឺអ្នកធ្វើដំណើរចូលមកដល់ប្រទេសកូរ់េ នឹងត្រូវធ្វើតេស្តកូវីដតាមរយៈម៉ាស៊ីន PCR នៅថ្ងៃទី១ ពេលមកដល់ និងត្រូវធ្វើតេស្តរហ័សជាកាតព្វកិច្ចនៅថ្ងៃទី៦ និងថ្ងៃទី៧ ពេលចូលមកដល់។

សម្រាប់កុមារវិញដែលអាចរួចផុតពីការតម្រូវឱ្យធ្វើចត្តាឡីស័កនៅពេលធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង ជាមួយអាណាព្យាបាលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់នោះ គឺនឹងត្រូវបន្ថែមការលើកលែងដល់អាយុ១២ឆ្នាំ ខណៈដែលការអនុវត្តកន្លងមកគឺលើកលែងត្រឹមតែកុមារអាយុ ៦ឆ្នាំចុះក្រោមប៉ុណ្ណោះ។ ក្នុងនោះដែរ សម្រាប់ក្មេងជំទង់អាយុ១២ ដល់១៧ឆ្នាំ នឹងត្រូវទទួលស្គាល់ថាបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងក្រោយពីបានចាក់វ៉ាក់សាំងកូវីដចំនួន២ដូសរួចរាល់។

សម្រាប់ប្រព័ន្ធនៃការធ្វើដំណើរមិនតម្រូវមានទិដ្ឋាការចូលមកកាន់ព្រលានយន្តហោះនៅជេជូ (제주국제공항) និងនៅព្រលានយន្តហោះយ៉ាងយ៉ាង (양양국제공항) នៅខេត្តហ្គាងវ៉ុន នឹងត្រូវបន្តអនុវត្តឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនានេះទៅវិញ។ កម្មវិធីអនុញ្ញាតឱ្យធ្វើដំណើរមកកាន់ព្រលានយន្តហោះជេជូដោយមិនចាំបាច់មានទិដ្ឋាការនេះ អនុវត្តឡើងតាំងពីឆ្នាំ២០០២មក តែត្រូវផ្អាកអំឡុងពេលកូវីដកន្លងមក ដែលអ្នកធ្វើដំណើរទាំងអស់អាចស្នាក់នៅលើកោះជេជូរយៈពេល៣០ឆ្នាំដោយមិនមានទិដ្ឋាការ តែលើកលែងប្រទេសចំនួន ២៤ចេញ ដែលមិនអាចអនុវត្តគោលការណ៍នេះបាន។

សម្រាប់ករណីព្រលានយន្តហោះជេជូ (제주국제공항) ពលរដ្ឋបរទេសគ្រប់ជាតិសាសន៍ទាំងអស់ លើកលែងតែ៩ប្រទេសប៉ុណ្ណោះ អាចធ្វើដំណើរតាមព្រលានយន្តហោះជេជូ និងស្នាក់នៅលើកោះជេជូរយៈពេល៣០ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ (វីសារ) បើតាមការប្រកាសជូនព័ត៌មានពីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង។

សម្រាប់ព្រលានយន្តហោះយ៉ាងយ៉ាង (양양국제공항) នៅខេត្តហ្គាងវ៉ុនវិញ នឹងចាប់ផ្តើមអនុវត្តឡើងវិញការអនុញ្ញាតឱ្យធ្វើដំណើរចូលមកបានដោយមិនមានទិដ្ឋាការសម្រាប់ក្រុមទេសចរណ៍គ្នាពី៥នាក់ឡើងទៅ ពីប្រទេសអាស៊ីចំនួន ៤ រួមមានប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ុងហ្គូលី។

Leave a Reply

Your email address will not be published. Required fields are marked *