តើទីផ្សារមូលបត្រជាអ្វី និងមានតួនាទីបែបណាចំពោះសេដ្ឋកិច្ចជាតិ?

តើទីផ្សារមូលបត្រជាអ្វី និងមានតួនាទីបែបណាចំពោះសេដ្ឋកិច្ចជាតិ?

នាពេលថ្មីៗនេះ វិនិយោគិនកម្ពុជាបានងាកមកចាប់អារម្មណ៍លើការវិនិយោគលើផ្សារមូលបត្រ តាមរយៈការទិញ ឬលក់មូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទ។ ប៉ុន្ដែការយល់ដឹងពីដំណើរការនៃផ្សារមូលបត្រកម្ពុជា ក៏ដូចជាតើអ្វីទៅជាផ្សារមូលបត្រ? ចំពោះវិនិយោគិននៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ។ នេះប្រហែលជាដោយសារតែផ្សារមូលបត្រកម្ពុជាទើបតែមានវត្ដមាននៅកម្ពុជា។

មែនទែនទៅ ផ្សារមូលបត្រ ត្រូវបានគេទទួលស្គាល់ថាជាកន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និងឧបករណ៍ហិរញ្ញវត្ថុដទៃទៀត។ យោងតាមនិយមន័យច្បាប់ស្ដីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន«ទីផ្សារមូលបត្រ សំដៅដល់ទីផ្សារ ឬទីកន្លែងជួញដូរមូលបត្រ ឬប្រព័ន្ធដែលផ្ដល់មធ្យោបាយនៃការធ្វើសំណើរលក់ ផ្ទេរ ឬស្វីការទិញ លក់មូលបត្រ ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រូមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និងឧបករណ៍និស្សន្ទជា ដើម»។

បន្ថែមពីនេះ ផ្សារមូលបត្រដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយ ដោយវាអនុញ្ញាតឲ្យក្រុមហ៊ុនសាជីវកម្ម សហគ្រាសសាធារណៈ និងរដ្ឋាភិបាលអាចប្រមូលទុនដោយផ្ទាល់ពីសាធារណជន មកប្រើប្រាស់ដើម្បីពង្រីកអាជីវកម្ម ឬអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ម៉្យាងវិញទៀត អ្នកដែលមានប្រាក់សល់ពីការចំណាយ មានជម្រើសក្នុងការធ្វើពិពិធកម្មសំណុំវិនិយោគរបស់ខ្លួន ឬធ្វើការសន្សំ(ជាមួយមូលបត្រដែលមានហានិភ័យទាប) នៅក្នុងទីផ្សារមូលបត្រ។ នៅពេលដែលសាច់ប្រាក់់ហូរពីអ្នកមាន ឬអ្នកដែលមានសាច់ប្រាក់លើសតម្រូវការ ទៅអ្នកដែលត្រូវការប្រកបដោយប្រសិទ្ធភាព ពេលនោះសកម្មភាពសេដ្ឋកិច្ចដូចជាផលិតកម្ម និងពាណិជ្ជកម្ម នឹងរីកលូតលាស់ទៅតាមនោះដែរ ព្រមទាំងបង្កើតឱ្យមានការងារតាមរយៈការវិនិយោគបន្ថែម និងបង្កើនទ្រព្យសម្បត្តិសម្រាប់ប្រជាជនទូទៅ៕

#CambonomicTimes #CSX

ខ្លឹមសារអត្ថបទទាំងស្រុងពី៖ Cambonomic Times

Leave a Reply

Your email address will not be published. Required fields are marked *