កូវីដកាន់តែធូរស្រាល អាជ្ញាធរកូរ៉េគ្រោងនឹងបន្ថយបន្ទុកចំណាយសម្រាប់ជើងហោះហើរអន្តរជាតិកាត់ប្រទេសកូរ៉េ ដោយមិនចាំតម្រូវពាក់ឈុតការពារកូវីដ និងលុបចោលវិធានការមួយចំនួនទៀតផងដែរ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងអាចនឹងពិចារណាដកចេញវិធានការរឹតបន្តឹងការពារជំងឺកូវីដ-១៩ សម្រាប់បុគ្គលិកបម្រើការតាមយន្តហោះជើងហោះហើរអន្តរជាតិដែលត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួយកាត់បន្ថយចំណាយ និងអាចឆ្លើយតបទៅនឹងតម្រូវការកើនខ្លាំងនៃការហោះហើរអន្តរជាតិបច្ចុប្បន្ន។

ចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម បានឱ្យដឹងថា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើដំណើរកូរ៉េខាងត្បូង គ្រោងនឹងចេញវិធានការថ្មីដែលតម្រូវឱ្យអ្នកបម្រើការតាមយន្តហោះជើងហោះហើរអន្តរជាតិ អាចឈប់ពាក់ឈុតសម្លៀកបំពាក់ការពារកូវីដរួមមានឈុតខោអាវការពារ វ៉ែនតា និងស្រោមដៃ ក្នុងពេលហោះហើរ ចាប់ពីខែក្រោយនេះទៅ ខណៈដែលបច្ចុប្បន្ននេះ ការពាក់សម្លៀកបំពាក់ការពារក្នុងចំណោមអ្នកបម្រើការយន្តហោះជើងហោះហើរអន្តរជាតិ នៅតែជាតម្រូវការអនុវត្តជាប្រចាំនៅឡើយ។

វិធានការថ្មីនេះ អាចនឹងត្រូវប្រកាសឱ្យអនុវត្តឆាប់ៗនេះ ដោយក្រសួងជំនាញនឹងចេញសេចក្តីជូនដំណឹងដល់អាកាសចរណ៍ពាក់ព័ន្ធទាំងអស់ដែលប្រតិបត្តិជើងហោះហើរអន្តរជាតិកាត់ប្រទេសកូរ៉េខាងត្បូង។ នៅពេលដែលអនុវត្តវិធានការថ្មីនេះ នឹងក្លាយជាលើកដំបូងហើយដែលអាកាសចរជើងហោះហើរបរទេស អាចប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមិនបាច់ពាក់សម្លៀកបំពាក់ការពារ គឺរាប់តាំងពីពេលផ្ទុះកូវីដដំបូង ខែមេសា ឆ្នាំ២០២០ ដែលមានរយៈពេលជាង២ឆ្នាំមកហើយ។

យ៉ាងណាមិញ សម្រាប់អ្នកបម្រើការតាមយន្តហោះ ជើងហោះហើរក្នុងស្រុក មិនមានតម្រូវការអនុវត្តឱ្យពាក់ឈុតសម្លៀកបំពាក់ការពារកូវីដនេះទេ។ ក្នុងនោះដែរ សម្រាប់ជើងហោះហើរអន្តរជាតិកាត់ប្រទេសកូរ៉េខាងត្បូង ក្រៅពីតម្រូវការពាក់ឈុតសម្លៀកបំពាក់ការពារនេះ គេក៏ត្រូវអនុវត្តវិធានការបាញ់ថ្នាំលាងសម្អាតក្នុងកាប៊ីនយន្តហោះ រៀងរាល់ពេលដែលយន្តហោះត្រូវចាប់ផ្តើមហោះចេញផងដែរ ដែលតម្រូវឱ្យមានបន្ទុកចំណាយបន្ថែមសម្រាប់ក្រុមហ៊ុនអាកាសចរ តែវិធានការនេះ នឹងត្រូវកាត់បន្ថយមកនៅត្រឹមតែ២ដងក្នុងមួយសប្តាហ៍វិញ។

ក្នុងនោះដែរ ការអនុវត្តរក្សាគម្លាតក្នុងជើងហោះហើរ ដោយទុកកៅអីចន្លោះមួយរវាងអ្នកធ្វើដំណើរនោះ កាលពីក្នុងស្ថានការណ៍កូវីដត្រូវបានអាកាសចរអនុវត្តខ្ជាប់ខ្ជួន តែសម្រាប់បច្ចុប្បន្នជាមួយនឹងស្ថានការណ៍កាន់តែធូរស្រាល ស្របពេលដែលតម្រូវការនៃការហោះហើរកាន់តែច្រើន ការអនុវត្តទុកកៅអីចន្លោះចោលនេះ ក៏កាន់តែត្រូវបានឈប់អនុវត្តបណ្តើរៗផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *