៥ឆ្នាំចុងក្រោយ វិស័យហិរញ្ញវត្ថុនៅកូរ៉េខាងត្បូង មានបុគ្គលិកឆបោកលុយក្រុមហ៊ុនអស់ជាង ៨០លានដុល្លារ ហើយលុយដែលលួចត្រឹម ១០% ប៉ុណ្ណោះ ដែលគេអាចសើរើដកមកវិញបាន

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ គេរកឃើញមានបុគ្គលិកធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាង១៧០នាក់ផ្សេងៗគ្នា មានជាប់ពាក់ព័ន្ធក្នុងករណីបោកបន្លំប្រាក់ស្ថាប័នរបស់ខ្លួន ទឹកប្រាក់សរុបរួមជាង ១០០ប៊ីលានវ៉ុន (ប្រមាណជាង ៧៩.៦២លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បើតាមទិន្នន័យដែលសមត្ថកិច្ចកូរ៉េដកស្រង់បាន។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ក្រោយពីទិន្នន័យ និងករណីបោកប្រាស់ប្រាក់ក្រុមហ៊ុនធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះត្រូវបានគេរកឃើញនោះ មានការទាមទារឱ្យបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ពង្រឹងប្រតិបត្តិការសុវត្ថិភាពរបស់ខ្លួន និងប្រតិបត្តិការគ្រប់គ្រងទូទៅ ដើម្បីអាចគ្រប់គ្រងលើករណីបោកបន្លំប្រាក់ច្រើនសន្ធឹកសន្ធាប់បែបនេះទៀត។

ការទាមទារឱ្យពង្រឹងប្រតិបត្តិការសុវត្ថិភាព និងប្រតិបត្តិការគ្រប់គ្រងទូទៅនេះ កើតមានឡើងជាបញ្ហាក្តៅក្រោយពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការភ្ញាក់ផ្អើលខ្លាំងករណីឆបោកប្រាក់ដោយ​បុគ្គលិកធនាគារវូរីបេង (Woori bank) ដែលបានបន្លំលួចប្រាក់ជាង ៦០ប៊ីលានវ៉ុន ជាមួយប្អូនប្រុសរបស់ខ្លួន។

បើតាមទិន្នន័យដែលចងក្រងដោយអាជ្ញាធរគ្រប់គ្រងហិរញ្ញវត្ថុកូរ៉េបានឱ្យដឹងថា មានតួលេខបុគ្គលិកធ្វើការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកូរ៉េដល់ទៅ ១៧៤នាក់ ដែលបានលួចប្រាក់ស្ថាប័នចំនួនសរុប ១០៩.១៨ ប៊ីលានវ៉ុន ចាប់តាំងពីឆ្នាំ២០១៧ ដល់ខែឧសភា ២០២២នេះ។

បើតាមតួលេខនេះបានឱ្យដឹងថា ទឹកប្រាក់ដែលបានបោកបន្លំនេះ មានទំនោរកើនឡើងខ្លាំង ពីត្រឹមតែ ២.០៨ប៊ីលានវ៉ុនក្នុងឆ្នាំ២០២០ កើនដល់ទៅ ១៥.២៧ប៊ីលានវ៉ុនក្នុងឆ្នាំ២០២១ និងកើនខ្លាំងរហូតដល់ទៅ ៦៨.៧៩ប៊ីលានវ៉ុនត្រឹមពាកកណ្តាលឆ្នាំ២០២២នេះ។

បើគិតពីប្រភេទជនសង្ស័យដែលបានប្រព្រឹត្តិបទល្មើសវិញ គឺមានបុគ្គលិកធនាគារច្រើនជាងគែ គឺចំនួនជនល្មើសដល់ទៅ៩១នាក់ ដែលមានទឹកប្រាក់បទល្មើសចំនួន ៨០.៨ប៊ីលានវ៉ុន ចំពោះបុគ្គលិកធ្វើការនៅវិស័យធានារ៉ាប់រងមាន ៥៨នាក់ ដែលមានទឹកប្រាក់បទល្មើសចំនួន ១៤.៦៨ប៊ីលានវ៉ុន និងបុគ្គលិកធ្វើការនៅវិស័យភាគហ៊ុនចំនួន ១៥នាក់ ដែលមានទឹកប្រាក់ល្មើសចំនួន ៨.៦៩ប៊ីលានវ៉ុន។

ក្នុងនោះដែរ អាជ្ញាធរបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ដែលជនល្មើសបានលួចដាក់ហោប៉ៅខ្លួន​ឯងនេះ មានតែត្រឹមជាង ១២.៧១ប៊ីលានវ៉ុន ប្រមាណ ១១.៦% នៃលុយសរុបដែលបានលួចប៉ុណ្ណោះ ដែលខាងស្ថាប័នរងគ្រោះប្រមូលយកមកវិញបាន ដែលការខាតបង់នេះ អាចជាបញ្ហាប្រឈមធំចំពោះការខូចខាតលើស្ថាប័នហិរញ្ញវត្ថុ និងចុងក្រោយគឺប៉ះពាល់មកលើអតិថិជនផ្ទាល់ផងដែរ។

 

Leave a Reply

Your email address will not be published.