កូរ៉េខាងត្បូងរកឃើញករណីផ្ទុះឆ្លងជំងឺប៉េស្ត ផ្តាសាយជ្រូកអាហ្វ្រិក សាជាថ្មីក្នុងឆ្នាំ២០២២នេះ ខណៈអាជ្ញាធរបានធ្វើសត្តឃាតសត្វជ្រូកជាង១ពាន់ក្បាល ដើម្បីទប់ស្កាត់ការឆ្លង

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានអនុវត្តសត្តឃាតលើសត្វជ្រូកជាង១ពាន់ក្បាល ក្នុងបេសកកម្មដើម្បីទប់ស្កាត់ការរីករាលដាលនៃវត្តមានជំងឺបេ៉ស្ត ឬ (ផ្តាសាយជ្រូកអាហ្វ្រិក) ខណៈដែលកូរ៉េខាងត្បូងចាប់ផ្តើមរកឃើញវត្តមានជំងឺនេះដំបូងបង្អស់ក្នុងឆ្នាំ២០២២នេះ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា កន្លងមកមានករណីជំងឺប៉េស្តបានផ្ទុះឆ្លងចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅតំបន់ហុងឈុន (Honcheon) ប្រមាណ១០០គីឡូម៉ែត្រពីក្រុងសេអ៊ូលភាគខាងកើតកាលពីថ្ងៃព្រហស្បត្តិ៍នេះ ដែលជាករណីឆ្លងដំបូងគេបង្អស់ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំមុនមក បើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម ចំណីអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូង។

មន្ត្រីជំនាញផ្នែកចត្តាឡីស័កបង្ការជំងឺឆ្លងបានអនុវត្តការសម្លាប់សត្វជ្រូកដែលអាចសង្ស័យជាភ្នាក់ងារចម្លងចំនួនប្រមាណ ១១៧៥ ក្បាលនៅកសិដ្ឋានដែលរកឃើញវត្តមានជំងឺប៉េស្ត ឬផ្តាសាយជ្រូកអាហ្វ្រិកនេះ កាលពីថ្ងៃសុក្រនេះ ហើយលោកនាយករដ្ឋមន្ត្រីបានណែនាំឱ្យ​មន្ត្រីជំនាញសុខាភិបាល អនុវត្តវិធានការចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងត្រូវប្រើប្រាស់ធនធានដែលចាំបាច់ទាំងអស់ដើម្បីទប់ស្កាត់ និងស្វែងរកប្រភពពិតប្រាកដនៃការចម្លង។

លោកនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីជំនាញតាមប្រមាញ់សត្វជ្រូកព្រៃ និងសត្វផ្សេងទៀតដែលអាចប៉ះពាល់ និងអាចជាហានិភ័យ ហើយចំពោះសត្វដែលចិញ្ចឹមក្នុងកសិដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់តាមដានរោគសញ្ញាសង្ស័យឱ្យបានជាប្រចាំ និងប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពចម្លងបន្តផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ការផ្ទុះឆ្លងជំងឺប៉េស្តនេះបានបង្កឱ្យមានការអនុវត្តសត្តឃាតលើសត្វជ្រូកអស់ជាង ១៥ម៉ឺនក្បាលដែលបានបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំងមកលើឧស្សាហកម្មកសិដ្ឋានចិញ្ចឹមសត្វជ្រូក។

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់ក្រសួងជំនាញ ស្ថានការណ៍បច្ចុប្បន្ននេះនឹងមិនបង្កជាផលប៉ះពាល់ខ្លាំងទៅលើទីផ្សារសាច់ជ្រូកក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។

Leave a Reply

Your email address will not be published.