កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងបានចេញសាលក្រមកាត់សេចក្តីឱ្យជនល្មើសជាបុរសអាយុ៤៩ឆ្នាំម្នាក់ ជាប់ឃុំឃាំងរយៈពេល២២ឆ្នាំ ក្រោយពីបានប្រព្រឹត្តបទល្មើសប៉ុនប៉ងចង់ធ្វើឃាតមនុស្ស៣នាក់ ក្នុងគ្រួសារអ្នករស់នៅជិតខាងដោយសារតែជម្លោះរឿងសម្លេងថ្លង់ប៉ុណ្ណោះ។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ជនល្មើសជាបុរសអាយុ៤៩ឆ្នាំ ដែលអត្តសញ្ញាណមិនត្រូវបានគេបញ្ចេញរូបនេះ ត្រូវបានរងការចោទប្រកាន់ថាបានលុកលុយចូលទៅក្នុងផ្ទះអ្នកជិតខាងរបស់ខ្លួនដោយកំរោលនៅជាន់ទី៣នៃអាគារអាផាតមិនមួយនៅអ៊ីនឆន់ ហើយបានយកកាំបិតទៅចាក់ជនរងគ្រោះជាសមាជិកគ្រួសារនៅក្នុងបន្ទប់អាផាតមិនកើតហេតុនោះ។ ករណីនេះបានកើតឡើងកាលពីខែវិច្ឆិកាកន្លងទៅ។
ក្នុងករណីដ៏មិនគួរឱ្យជឿនោះ ស្រ្តីជនរងគ្រោះអាយុ៤០ឆ្នាំជាងម្នាក់ត្រូវរងរបួសត្រង់ក និងត្រូវបញ្ជូនចូលវះកាត់សង្គ្រោះ និងត្រូវរងពិការភាពផងដែរ ខណៈបុរសជាប្តី និងកូនស្រីក្នុងបន្ទប់អាផាតមិនកើតហេតុនោះ បានរងរបួសយ៉ាងដំណំនៅលើមុខ និងលើដៃរបស់ពួកគេ។
ជនល្មើសគឺជាអ្នកស្នាក់នៅអាគារជាមួយគ្នា គឺនៅជាន់ទី៤នៃអាគារនោះ ហើយកន្លងមកតែងមានជម្លោះជាមួយសមាជិកគ្រួសារដែលរងគ្រោះរឿងបង្កសម្លេងរំខាននៅក្នុងអគារកើតហេតុនោះជារឿយៗ ចាប់ពីជនល្មើសរូបនេះបានចូលមកស្នាក់នៅក្នុងអាគារខាងលើនេះ។
នៅក្នុងតុលាការ ជនល្មើសបានសារភាពពីការប៉ុនប៉ន និងសកម្មភាពបទល្មើសរបស់ខ្លួនដែលចង់ធ្វើឃាតស្រ្តីរងគ្រោះជាម្តាយ តែតវ៉ាចំពោះការចោទប្រកាន់មកលើចេតនាប៉ុនប៉ងដែលប្រព្រឹត្តទៅលើជនរងគ្រោះជាឪពុក និងកូនស្រី។ យ៉ាងណាមិញ ការតវ៉ារបស់ជនល្មើសត្រូវបានតុលាការច្រានចោល និងបានចោទប្រកាន់ជនល្មើសពីបទប៉ុនប៉ងធ្វើឃាតទៅលើជនរងគ្រោះទាំង៣នាក់។
ករណីដ៏គួរឱ្យឃោរឃៅនេះត្រូវបានទទួលការតាមដាន និងឃ្លាំមើលពីសាធារណជនទូទាំងប្រទេសកូរ៉េ ទៅលើចំណាត់ការរបស់ប៉ូលិស ហើយបើតាមអ្វីដែលកើតហេតុនៅពេលនោះ គឺប៉ូលិសកូរ៉េដែលរ៉ាប់រងករណីនោះ ត្រូវបានសាធារណជនរិះគន់យ៉ាងខ្លាំង ដោយសារពេលកើតហេតុមានប៉ូលិស២រូប ត្រូវបានចាត់បញ្ជូនទៅដោះស្រាយ និងទប់ស្កាត់សកម្មភាពជនសង្ស័យ តែជាក់ស្តែងនៅពេលនោះ ប៉ូលិស២រូបនោះបានជាចាកចេញចោលគ្រួសាររងគ្រោះទៅរកជំនួយកងកម្លាំងប៉ូលិសមកបន្ថែម ទុកឱ្យជនរងគ្រោះស្ថិតក្នុងហេតុការណ៍នោះដោយខ្លួនឯងទៅវិញ។