បណ្តាអង្គទូតអាស៊ាននៅកូរ៉េខាងត្បូង៖ កិច្ចព្រមព្រៀងអាសិប មានតម្លៃធំធេង គឺលើសពីត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី

កូរ៉េខាងត្បូង៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) មានតម្លៃលើសពីត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី បើតាមការលើកឡើងរបស់បណ្តាអង្គទូតអាស៊ាននៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងឱកាសនៃវេទិកាពិភាក្សាពិសេសមួយដែលបានរៀបចំឡើងកាលពីថ្ងៃអង្គារនេះ។

បណ្តាអង្គទូតអាស៊ានប្រចាំប្រទេសកូរ៉េ បានបញ្ជាក់ថាកិច្ចព្រមព្រៀងអាសិប មិនត្រឹមតែជួយពង្រឹងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះទេ តែក៏នឹងជួយការពារប្រឆាំងនឹងបញ្ហាជាហានិភ័យមួយចំនួនក្នុងវិស័យពាណិជ្ជកម្មផងដែរ។ កិច្ចព្រមព្រៀងអាសិបនេះ បានចូលជាធរមានក្នុងចំណោមប្រទេសជាសមាជិកទាំង១៥ នៅដើមឆ្នាំ២០២២នេះ ខណៈដែលបានចូលជាធរមានក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១ ខែកុម្ភៈនេះផងដែរ។

ក្នុងឱកាសនៃវេទិកាកូរ៉េ-អាស៊ាន អាសិប ដែលបានរៀបចំដោយសារព័ត៌មានកូរ៉េជុងអាន នៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារម្សិលមិញនេះ ថ្នាក់ដឹកនាំ បណ្តាអង្គទូតអាស៊ាន និងធុរជនកូរ៉េ និងមន្ត្រីជំនាញ បានពិភាក្សាទៅលើកិច្ចព្រមព្រៀងអាសិប និងតួនាទីរបស់កិច្ចព្រមព្រៀងនេះក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិកទាំងអស់។ វេទិកាដ៏សំខាន់ និងលើកដំបូងនេះត្រូវបានរៀបចំឡើង ស្របទៅនឹងបរិបទនៃការបិទបញ្ចប់នៃនិន្នាការសាកលភាវូបនីយកម្ម និងខណៈដែលការធ្វើពាណិជ្ជកម្មហាក់មានការបែងចែក និងស្របពេលដែលមានការកើនឡើងនូវក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗជាច្រើន ដែលបានលេចរូបរាងឡើងដើម្បីឆ្លើយតប និងព្យាយាមទប់ស្កាត់ទៅនឹងការអនុវត្តពាណិជ្ជកម្មគាំពារនិយម និងបែបជាតិនិយម។

ក្នុងឱកាសនោះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-seug បានលើកឡើងថា កិច្ចព្រមព្រៀងអាសិបដែលមានសមាជិកដល់ទៅ១៥ប្រទេស និងមានទំហំសេដ្ឋកិច្ច ប្រជាជន និងពាណិជ្ជកម្មគ្របដណ្តប់ដល់ទៅ ១/៣ នៃពិភពលោកទាំងមូលនោះ នឹងក្លាយជាវិធានការតភ្ជាប់យ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទៅពេលអនាគត ជាពិសេសរវាងកូរ៉េ និងតំបន់អាស៊ាន ដែលសេដ្ឋកិច្ចរបស់កូរ់េ និងអាស៊ានទាំងសងខាង សុទ្ធតែបំពេញឱ្យគ្នាទៅវិញទៅមក។

ពីឆ្វេងទៅស្តាំជួរខាងក្រោម មានវត្តមានដូចជា ឯកអគ្គរដ្ឋទូតហ្វីលីពីន ឯកអគ្គរាជទូតប្រុយណេ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង ឯកអគ្គរាជទូតកម្ពុជា អនុប្រធានបេសកកម្មការទូតសឹង្ហបុរី ពីឆ្ឋេងទៅស្តាំ ជួរខាងលើ រួមមាន អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ នាយកប្រតិបត្តិសារព័ត៌មានកូរ៉េជុងអាន ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតវៀតណាម អតីតឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសឥណ្ឌូនេស៊ី និងឯកអគ្គរាជទូតថៃ

គួរឱ្យកត់សម្គាល់ ​ឯកអគ្គរាជទូតប្រុយណេ បានលើកឡើងថា ក្នុងបរិបទដែលប្រទេសទាំងអស់កំពុងកសាងសេដ្ឋកិច្ចឡើងវិញក្រោយរងប៉ះពាល់ពីបញ្ហាកូវីដ យើងទាំងអស់គ្នាត្រូវចាប់យកនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានភាពបើកចំហរ បរិយាប័ន្ន និងផ្តោតលើពហុភាគីនិយម ដើម្បីទ្រទ្រង់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ។

ចំណែកឯអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េវិញ​ បានលើកឡើងពីសារៈសំខាន់នៃអាសិប និងទំនាក់ទំនងជាពិសេសរវាងកូរ៉េ និងតំបន់អាសា៊ន ជាពិសេសក្នុងខណៈពេលដែលពិភពលោកកំពុងតែប្រឈមនឹងការផ្លាស់ប្តូរធំធេងនាពេលបច្ចុប្បន្ន។ តំណាងជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកូរ៉េក៏បានបញ្ជាក់ពីសក្តានុពលដ៏ធំនៃទីផ្សារអាស៊ាន ដោយសារតែកំណើនសេដ្ឋកិច្ចដែលតំបន់នេះសម្រេចបានក្នុងអំឡុងពេលកូវីដ ខ្ពស់ជាងកំណើនជាមធ្យមនៅទូទាំងពិភពលោកក្នុងស្ថានការណ៍កូវីដកន្លងមក។

សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងប្រទេសកូរ៉េ និងតំបន់អាស៊ានមានទំហំជាង ១៧៦ពាន់លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើងទ្វេដងធៀបទៅនឹងតួលេខក្នុងឆ្នាំ២០០៩ ដែលជាឆ្នាំដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េខាងត្បូងសម្រេចបាន ដែលកាលនោះមានត្រឹមជាង ៧៥ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ដូចនេះ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងអាសិបនេះ នឹងបង្កើតជាទំនាក់ទំនងពាណិជ្ជកម្មឈ្នះឈ្នះរវាងប្រទេសកូរ៉េ និងតំបន់អាស៊ាន។

ក្នុងឱកាសនោះដែរ បណ្តាអង្គទូតពីប្រទេសអាស៊ានរួមមានលោកជំទាវឯកអគ្គរាជទូតកម្ពុជា ជ្រឹង បុទុមរង្សី និងបណ្តាទូតពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម និងប្រធានបេសកកម្មការទូតសឹង្ហបុរីនៅកូរ៉េខាងត្បូង បានចូលរួមក្នុងកិច្ចពិភាក្សាពីបញ្ហាសំខាន់ៗនៃកិច្ចព្រមព្រៀងអាសិបនេះផងដែរ។

សូមបញ្ជាក់ថា ក្រៅពីបណ្តាអង្គទូតអាស៊ាន និងថ្នាក់ដឹកនាំកូរ៉េខាងត្បូង ក៏មានវត្តមានបណ្តាធុរជនកូរ៉េ និងបរទេសចូលរួមជាង១០០នាក់ផងដែរក្នុងព្រឹត្តិការណ៍នេះ។

លោក Chun Yoon-jung អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ

 

 

Leave a Reply

Your email address will not be published. Required fields are marked *