ចែកគ្នាដឹងទាំងអស់គ្នា! ជនបរទេសចូលមកកម្ពុជាឥឡូវនេះ មិនចាំបាច់តេស្តកូវីដ ហើយមិនបាច់ធ្វើតេស្តរហ័សទៀត សំខាន់ឱ្យតែចាក់វ៉ាក់សាំងរួចរាល់

កម្ពុជា៖ សម្រាប់អ្នកដែលចង់ធ្វើដំណើរមកកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានភាពងាយស្រួល និងការលើកលែងវិធានការការពារកូវីដ-១៩ កាន់តែច្រើន និងសាមញ្ញជាងមុនយ៉ាងច្រើន។

ជាក់ស្តែង អ្នកដែលធ្វើដំណើរមកកម្ពុជាទទួលបានភាពងាយស្រួល៣ធំៗនេះ៖ (១) មិនចាំបាច់ត្រូវការលទ្ធផលតេស្តកូវីដតាមម៉ាស៊ីនធ្វើតេស្ត PCR នោះទេ (២) អ្នកធ្វើដំណើរពីបរទេសមកអាចស្នើសុំទិដ្ឋាការពេលដែលចូលមកដល់ព្រលានយន្តហោះកម្ពុជា ឬតាមផ្លូវទឹក និងផ្លូវគោក បានយ៉ាងងាយ និងដូចពីមុនវិញ និង(៣) មិនមានតម្រូវការធ្វើតេស្តរហ័សនៅពេលដែលអ្នកធ្វើដំណើរមកដល់ប្រទេសកម្ពុជានោះទេ។

សូមបញ្ជាក់ថា យ៉ាងណាមិញ មានលក្ខខណ្ឌសាមញ្ញ និងងាយៗមួយចំនួនដែលអ្នកធ្វើដំណើរត្រូវផ្តល់ជូនអាជ្ញាធរកម្ពុជារួមមាន៖ (១) អ្នកធ្វើដំណើរត្រូវបង្ហាញនូវកាតចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ នៅពេលដែលមកដល់ប្រទេសកម្ពុជា (២) អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ នៅតាមទីតាំងដែលកំណត់ជូនដោយក្រសួងសុខាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ (៣) អ្នកដំណើរទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សដោយខ្លួនឯងនៅពេលមុនធ្វើដំណើរមកកម្ពុជា (៤) មិនចាំបាច់មានការធានារ៉ាប់រងលើជំងឺកូវីដ-១៩ និង (៥) មិនចាំបាច់ពាក់ម៉ាស់នៅទីសាធារណៈ។

ប្រភព៖ នាយកដ្ឋានទីផ្សារ និងជំរុញទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍កម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *