អាជ្ញាធរកូរ៉េខាងត្បូង នឹងធ្វើតេស្តទ្រង់ទ្រាយធំរកមើលអង់ទីករប្រឆាំងកូវីដ-១៩ ក្នុងប្រជាជនខ្លួន ដើម្បីយកមកបង្កើតជាគោលនយោបាយ

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងគ្រោងនឹងធ្វើតេស្តសាកល្បងពិនិត្យរកមើលអង់ទីករ (antibody) កូវីដ-១៩ ក្នុងចំណោមប្រជាពលរដ្ឋខ្លួនក្នុងខែនេះ ដើម្បីប្រមូលនូវទិន្នន័យវិទ្យាសាស្រ្តដែលច្បាស់ការ សម្រាប់អាចយកមកប្រើប្រាស់ក្នុងការរៀបចំនូវគោលនយោបាយពាក់ព័ន្ធនឹងជំងឺឆ្លង នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលកូរ៉េនោថ្ងៃអង្គារនេះ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា វិទ្យាស្ថានជាតិគ្រប់គ្រងជំងឺឆ្លងរបស់រដ្ឋាភិបាលកូរ៉េ នឹងរៀបចំការធ្វើតេស្តពិនិត្យរកមើលអង់ទីករ (antibody) កូវីដ-១៩ ថាតើមាន ឬក៏អត់ក្នុងចំណោមប្រជាជនកូរ់េ ដែលអាជ្ញាធរនឹងធ្វើការចោះយកអ្នកដែលត្រូវធ្វើតេស្តសាកល្បងនេះចំនួន១ម៉ឺននាក់ ដែលមានអាយុពី៥ឆ្នាំឡើងទៅ។ ការធ្វើតេស្ត និងសមាសភាពអ្នកចូលរួមទាំងអស់នឹងត្រូវរៀបចំធ្វើឡើងទូទាំងប្រទេស ចាប់ពីចុងខែនេះទៅ ដើម្បីអាចឱ្យគេកំណត់បាននូវចំនួនអ្នកដែលមានអង់ទីករប្រឆាំងនឹងជំងឺកូវីដ-១៩។

វិទ្យាស្ថានជំនាញនេះនឹងពិនិត្យមើលទៅលើអត្រានៃការឆ្លងកូវីដ-១៩ និងរយៈពេលដែលអាចមានអង់ទីករប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខ្លួនរបស់មនុស្ស។ លោក លី សាងវ៉ុន មន្ត្រីនៃទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង បាននិយាយថា ការធ្វើតេស្តសាកល្បងនេះរៀបចំឡើងគោលបំណងធំជាងគេ គឺដើម្បីបង្កើតឱ្យមានទិន្នន័យបែបវិទ្យាសាស្រ្ត ដើម្បីអាចឱ្យអ្នកបង្កើតគោលនយោបាយយកទៅប្រើប្រាស់ក្នុងការព្រាង និងបង្កើតគោលនយោបាយពាក់ព័ន្ធការចាក់វ៉ាក់សាំង និងការគ្រប់គ្រងជំងឺឆ្លងផងដែរ។

បើតាមការបញ្ជាក់ វិទ្យាស្ថានអាចនឹងគ្រោងរៀបចំធ្វើតេស្តសាកល្បងរកមើលអង់ទីករនេះបន្ថែមទៀតក្នុងអំឡុងត្រីមាសទី២ និងត្រីមាសទី៣ខាងមុខ ហើយលទ្ធផលនៃការធ្វើតេស្តអង់ទីករជុំដំបូងនេះនឹងត្រូវបញ្ជាក់ឱ្យបានដឹងត្រឹមដើមខែកក្កដាខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *