ស្ងាត់អស់ជាង២ឆ្នាំ ទើបកូរ៉េខាងជើងប្រកាសករណីឆ្លងកូវីដលើកដំបូងក្នុងប្រទេសខ្លួន កន្លងមកមានអ្នកឆ្លងជាង ៥០ម៉ឺននាក់ ! លោក គីម ជុងអ៊ុន ថានេះជាស្ថានការណ៍ «វឹកវរខ្លាំង»

កូរ៉េខាងជើង៖ នៅថ្ងៃសៅរ៍នេះ សារព័ត៌មានកូរ៉េខាងជើងបានបង្ហាញពីព័ត៌មាននៃការបាត់បង់ជីវិតមនុស្ស ២១នាក់ទៀត ដោយសារតែជំងឺកូវីដ-១៩ ដែលក្នុងនោះមានមនុស្សជាង ១៧ម៉ឺននាក់ទូទាំងប្រទេស កំពុងតែឆ្លងជំងឺកូវីដផងដែរ ខណៈដែលកន្លងមកជាង ២ឆ្នាំមកហើយ ប្រទេសកូរ៉េខាងជើងមិនដែលបានបង្ហាញទិន្នន័យណាមួយសោះឡើយពីស្ថានការណ៍កូវីដ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា សារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបានចេញព័ត៌មានថ្មីចុងក្រោយនេះ បង្ហាញពីចំនួននៃការឆ្លងកូវីដកើនឡើងយ៉ាងខ្លាំង ខណៈដែលអ្នកបាត់បង់ជីវិតក៏មានច្រើន កើន ២១នាក់បន្ថែមទៀតនៅថ្ងៃនេះ។ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំកំពូលបន្ទាន់មួយ ដើម្បីពិនិត្យមើលវិធានការសុខាភិបាលសង្គ្រោះបន្ទាន់របស់ប្រទេសប្រទេសនេះ និងបានបញ្ជាក់ថា ស្ថានការណ៍ក្នុងប្រទេសកូរ៉េខាងជើងកំពុងមានភាព «វឹកវរខ្លាំង» ដោយសារតែការផ្ទុះឆ្លងកូវីដនេះ។

នៅក្នុងកិច្ចប្រជុំកំពូលនោះ ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើងបានពិភាក្សាអំពីវិធានការផ្គត់ផ្គង់បន្ទាន់ និងចែកចាយនូវសម្ភារៈសុខាភិបាលចាំបាច់ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឆ្លងកូវីដយ៉ាងខ្លាំងនេះ បើតាមការបញ្ចាក់ក្នុងខ្លឹមសារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង។

លោក គីម ជុងអ៊ុន ទទួលការរាយការណ៍លម្អិតពីស្ថានការណ៍បន្ទាន់នៃវិបត្តិសុខាភិបាលនេះ និងបានបញ្ជាក់ថាស្ថានការណ៍បច្ចុប្បន្ននេះ ជា «ការវឹកវរយ៉ាងធំ ចាប់តាំងពីប្រទេសកូរ៉េខាងជើងត្រូវបានបង្កើតមក»។ លោក គីម ជុងអ៊ុន បានទទូចឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់សិក្សាពីករណីទប់ស្កាត់វិបត្តិកូវីដដែលជោគជ័យពីប្រទេសដទៃ ដូចជាពីប្រទេសចិនជាដើម។

សូមបញ្ជាក់ថា គិតមកដល់ត្រឹមពីចុងខែមេសា ដល់ថ្ងៃទី១៣ ឧសភា នេះមានប្រជាជនកូរ៉េខាងជើងជាង ៥២ម៉ឺននាក់ហើយដែលមានអាការៈកូវីដ ដូចជារោគសញ្ញាផ្តាសាយជាដើម ហើយក្នុងនោះមានមនុស្ស ២៤ម៉ឺននាក់ជាងហើយដែលត្រូវបានព្យាបាលជាទាំងស្រុង ខណៈមនុស្សជាង ២៨ម៉ឺននាក់ទៀតកំពុងបន្តការព្យាបាល។ ក្នុងនោះដែរចំនួនករណីបាត់បង់ជិវិតមានដល់ ២៧ករណីហើយ គិតត្រឹមថ្ងៃសៅរ៍នេះ។

អ្វីដែលជាការភ្ញាក់ផ្អើលខ្លាំងដល់សហគមន៍អន្តរជាតិនោះ គឺកូរ៉េខាងជើងបានបិទព័ត៌មាន ទើបនឹងបញ្ចេញឱ្យដឹងជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ពីករណីផ្ទុះឆ្លងកូវីដដំបូងគេ តាំងពីខែមករា ឆ្នាំ២០២០ មក។

Leave a Reply

Your email address will not be published. Required fields are marked *