អាម៉េរិក៖ បងប្អូនខ្មែរយើងនៅតាមបណ្តារដ្ឋជាច្រើនក្នុងប្រទេសអាម៉េរិក និងប្រទេសក្បែរខាងដូចជាកាណាដា បាននាំគ្នារៀបចំជាកម្រងវីដេអូដើម្បីស្វាគមន៍វត្តមានអញ្ជើញទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាម៉េរិកនាពេលខាងមុខនេះ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមដោយផ្ទាល់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្ត ទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ កន្លងមក ក្នុងសារលិខិតជូនលោកប្រធានាធិបតីអាម៉េរិក សម្តេចតេជោបានលើកឡើងថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នាដ៏មុតមាំរបស់កម្ពុជា ក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។ សម្តេចជឿជាក់ថាកិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើងពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋអាមេរិក។