កូរ៉េខាងត្បូង៖ ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល បានថ្លែងថាលោកមានបំណង និងឆន្ទៈក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង តែជំនួបរវាងមេដឹកនាំកូរ៉េទាំងពីរនេះអាចកើតមានឡើងបាន ទាល់តែអាចមានលទ្ធផលសាច់ការលើបញ្ហាអាវុធនុយក្លេអ៊ែរ ឬបញ្ហាផ្សេងៗទៀតដែលជាបញ្ហាទាស់របស់ប្រទេសបងប្អូនទាំងពីរនេះ។
ចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម បានឱ្យដឹងថាលោកប្រធានាធិបតីកូរ៉េខាងត្បូងថ្មីដែលគ្រោងនឹងឡើងកាន់តំណែងនៅថ្ងៃអង្គារនេះ បានថ្លែងក្នុងបទសម្ភាសន៍ជូនសារព័ត៌មាន VOA ថា មិនមានហេតុផលណាមួយដែលតម្រូវឱ្យលោកត្រូវបង្អាក់ដំណើរការជួបគ្នារវាងរូបលោក និងមេដឹកនាំកូរ៉េខាងជើងនោះទេ តែប្រសិនបើកិច្ចជំនួបនោះរៀបចំឡើងគ្រាន់តែជាការរៀបចំឱ្យមានជារូបរាង និងមិនមានជាលទ្ធផលអ្វីឱ្យបានជាសាច់ការលើបញ្ហារំសាយអាវុធនុយក្លេអ៊ែរ និងបញ្ហានៃជំនួយសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូង ចំពោះប្រទេសកូរ៉េខាងជើងនោះទេ នោះជំនួបនោះនឹងមិនមានជាប្រយោជន៍អ្វីសម្រាប់ទំនាក់ទំនងអន្តរកូរ៉េនោះទេ។
ក្នុងនោះដែរ លោកប្រធានាធិបតីបានបញ្ជាក់ផងដែរថា ចំពោះលក្ខខណ្ឌសម្រាប់ការរៀបចំឱ្យមានជំនួបនេះ គួរទុកជូនដល់ក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរជាអ្នកទទួលបន្ទុកដោះស្រាយ ហើយលោកក៏បានលើកឡើងផងដែរថា គួរមានការរៀបចំដើម្បីជំរុញការផ្លាស់ប្តូររវាងប្រទេសកូរ៉េទាំងពីរ ជាពិសេសក្នុងផ្នែកវប្បធម៌ និងកីឡា ក្នុងនាមជា «ប្រជាជនកូរ៉េ» រួមគ្នាតែមួយ។
លោកប្រធានាធិបតីបានលើកឡើងថា ជាការចាំបាច់ដែលកូរ៉េខាងត្បូងត្រូវផ្តល់សញ្ញាឱ្យទៅកូរ៉េខាងជើងឱ្យបានជាប់លាប់ អំពីគោលបំណងនៃការដោះស្រាយបញ្ហានុយក្លេអ៊ែរនេះ ហើយប្រាកដណាស់ កូរ៉េខាងត្បូងនឹងធ្វើការពិនិត្យទៅលើកម្មវិធីគោលនយោបាយដែលប្រទេសកូរ៉េខាងត្បូងអាចជួយស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ក្នុងករណីដែលកូរ៉េខាងជើងយល់ព្រមទទួលយកគោលជំហរដោះស្រាយបញ្ហានុយក្លេអ៊ែរនេះ។
សូមបញ្ជាក់ថា កន្លងមក ប្រធានាធិបតីបច្ចុប្បន្ន លោក មូន ជេអ៊ីន បានជួបជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចំនួន៣ដង ក្នុងឆ្នំា២០១៨ តែយ៉ាងណាមិញ ទំនាក់ទំនងអន្តរកូរ៉េហាក់មានសភាពថយក្រោយវិញ ក្រោយពីជំនួបមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាម៉េរិកនៅទីក្រុងហាណូយ មិនសម្រេចបានលទ្ធផលនោះ។
កន្លងមកថ្មីៗនេះ កូរ៉េខាងជើងនៅតែបន្តបាញ់បង្ហោះ និងធ្វើតេស្តសាកល្បងកាំជ្រួច និងអាវុធនុយក្លេអ៊ែរជាច្រើនដង បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាម៉េរិកក៏ដោយ។ ចុងក្រោយគេបង្អស់នេះ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចបាលីស្ទីកអន្តរទ្វីបចេញពីនាវាមុជទឹក ចេញពីសមុទ្រខាងកើត កាលពីថ្ងៃសៅរ៍ ទី៧ ខែឧសភានេះផងដែរ។