កូរ៉េខាងត្បូង៖ រដ្ឋាភិបាលថ្មីប្រទេសកូរ៉េខាងត្បូង គ្រោងនឹងប្រកាសកញ្ចប់ទឹកប្រាក់ឧបត្ថម្ភ និងជំនួយដល់បណ្តាអាជីវករ អ្នករកស៊ីដែលប៉ះពាល់ដោយសារកូវីដ ក្នុងរង្វង់ទឹកប្រាក់ដល់ទៅចន្លោះពី ៣៤ ទៅ៣៦ ទ្រីលានវ៉ុន (ប្រមាណជាង ២៦.៨ ទៅ ២៨ ពាន់លានដុល្លារ) បើតាមការបញ្ជាក់របស់អាជ្ញាធរកូរ៉េនៅថ្ងៃអាទិត្យនេះ។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ញូវ បានឱ្យដឹងថាក្រសួងសេដ្ឋកិច្ចកូរ៉េនឹងអាចបញ្ជេញសេចក្តីប្រកាសឱ្យដឹងពីកញ្ចប់ថវិកាជំនួយលើកទី២ សម្រាប់ឧបត្ថម្ភដល់អ្នករកស៊ី និងអាជីវករ នៅពេលឆាប់ៗខាងមុខនេះ ក្រោយពីប្រធានាធិបតីថ្មី ចូលធ្វើការនៅថ្ងៃអង្គារនេះ។ បើតាមការបញ្ជាក់របស់ក្រុមការងារប្រធានាធិបតី ដែលធ្វើការបណ្តោះអាសន្នមុនពេលដែលប្រធានាធិបតី យូន ស៊ុកយ៉ុល ឡើងកាន់តំណែង បានបញ្ជាក់ថារដ្ឋាភិបាលថ្មីនឹងគ្រោងចំណាយលុយជាង ៣៣.១ ទ្រីលានវ៉ុន ឬច្រើនជាងនេះ ដើម្បីយកជួយឧបត្ថម្ភដល់អាជីវករ និងអ្នករកស៊ី ជាពិសេសអ្នករកស៊ីតូចតាច ដែលកន្លងមករងការប៉ះពាល់ពីស្ថានការណ៍កូវីដ។
កាលពីអំឡុងពេលដែលប្រធានាធិបតី យូន ធ្វើការឃោសនាបោះឆ្នោតកន្លងមក លោកប្រធានាធិបតី បានសន្យាថានឹងចាយលុយដល់ទៅជាង ៥០ទ្រីលានវ៉ុនសម្រាប់កម្មវិធីឧបត្ថម្ភដល់អាជីវកម្មប៉ះពាល់ពីកូវីដ-១៩។ បើតាមការគណនា និងព្យាករណ៍ពីសំណាក់ក្រុមការងារប្រធានាធិបតីបានឱ្យដឹងថា ប្រាក់ខាតបង់របស់អាជីវករ និងអ្នករកស៊ីដោយខ្លួនឯងតូចតាច ដែលប៉ះពាល់ពីស្ថានការណ៍កូវីដក្នុងឆ្នាំ២០២០ និង២០២១ បណ្តាលមកពីការអនុវត្តវិធានការរឹតត្បិតគម្លាតសង្គមរបស់រដ្ឋាភិបាល មានក្នុងចន្លោះ ៥៤ទ្រីលានវ៉ុន។
ចាប់តាំងពីឆ្នាំ២០២០មក រដ្ឋាភិបាលរបស់លោកប្រធានាធិបតី មូន ជេអ៊ីន បានដាក់ចេញនូវប្រាក់ឧបត្ថម្ភដល់អ្នកប៉ះពាល់ពីកូវីដដល់ទៅ ៧ជុំហើយ ដែលមានទំហំសរុបជាង ១៣៤ ទ្រីលានវ៉ុន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពីស្ថានការណ៍កូវីដ និងវិធានការគម្លាតសង្គមនេះ។ ក្នុងនោះប្រាក់ប្រមាណជាង ៣៥.១ ទ្រីលានវ៉ុន ត្រូវបានផ្តល់ជូនដល់បណ្តាអ្នករកស៊ីដែលរងការប៉ះពាល់ពីស្ថានការណ៍កូវីដដោយផ្ទាល់។
ក្នុងនោះដែរ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបញ្ជាក់ផងដែរថា អាចនឹងបន្តកាត់បន្ថយចំណាយមិនចាំបាច់បន្ថែមទៀត ដើម្បីអាចយកប្រាក់មកឧបត្ថម្ភជូនប្រជាជន អាជីវករដែលប៉ះពាល់ពីស្ថានការណ៍កូវីដ តែក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ជាមួយនឹងតម្រូវការថវិការយ៉ាងច្រើននេះ រដ្ឋាភិបាលកូរ៉េអាចនឹងពិចារណាក្នុងការផ្សព្វផ្សាយនូវប័ណ្ណបំណុលបន្ថែមទៀត។ គិតមកដល់បច្ចុប្បន្ននេះ បំណុលជាតិរបស់ប្រទេសកូរ៉េខាងត្បូង អាចនឹងកើនដល់ទំហំ ១០៧៥.៧ ទ្រីលានវ៉ុន ជាតួលេខបំណុលជាតិធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រទេសកូរ៉េខាងត្បូង។