បេសកកម្មការទូតពីកូរ៉េ! ស្ថានទូតខ្មែរនៅកូរ៉េសម្រួលជូនសមាគមអ្នកនាំចូលកូរ៉េខាងត្បូង មកដល់កម្ពុជាជួបនឹងអាជ្ញាធរកសិកម្ម និងក្រុមហ៊ុននាំចេញ ដើម្បីអាចនាំចូលស្វាយ ការ៉ុត និងចេកពីកម្ពុជា

កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួលជំនួបការងារ និងបច្ចេកទេសរវាងស្ថាប័នជំនាញកសិកម្មកម្ពុជា ជាមួយសមាគមអ្នកនាំចូលកូរ៉េខាងត្បូង សម្រាប់លទ្ធភាពនៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារកូរ៉េបន្ថែមទៀត។

តាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមការជួយសម្របសម្រួលពីសំណាក់លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត ដែលបានណែនាំជូនដល់ក្រុមការងារស្ថានទូតជួយក្នុងការតភ្ជាប់ និងសម្របសម្រួលរៀបចំឱ្យមានជំនួបរវាងភាគីទាំងពីរនោះ សមាគមអ្នកនាំចូលកូរ៉េដែលដឹកនាំ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH បានមានឱកាសចូលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅអគ្គនាយដ្ឋានកសិកម្ម។ ជំនួបពិភាក្សាបច្ចេកទេសនេះផ្តោតទៅលើកម្រិតបច្ចេកទេស និងនិតិវិធីក្នុងដាំដុះ ការសំអាត និងការនាំចេញផលិតផលស្វាយ ការ៉ុត និងចេកពីកម្ពុជា ទៅកាន់ទីផ្សារកូរ៉េទៅតាមតម្រូវការ។

ក្នុងនោះដែរ ស្ថានទូតកម្ពុជាក៏បានជួយសម្របសម្រួលឱ្យធុរជននៃសមាគមអ្នកនាំចូលកូរ៉េបានទៅចុះទស្សនកិច្ចនៅក្រុមហ៊ុន ហុីយុនដាយ ផ្ដោតលើផលិតផលកសិកម្មកម្ពុជា និងគាំទ្រដល់កសិករខ្មែរ ដើម្បីនាំចូលក្នុងទីផ្សារប្រទេសកូរ៉េ កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ផងដែរ។

ជាមួយនឹងការតភ្ជាប់ភាគីធុរជនកូរ៉េ ទៅនឹងស្ថាប័នអាជ្ញាធរកម្ពុជាទទួលបន្ទុកលើដំណាំកសិកម្ម ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េ ក៏តែងតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងផ្សព្វផ្សាយអំពីសក្ដានុពលភាពនៃផលិតផលកសិកម្មរបស់កម្ពុជា ជូនដល់ធុរជន និងវិនិយោគិនកូរ៉េផងដែរ ដែលនឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរយើង។

Leave a Reply

Your email address will not be published. Required fields are marked *