ច្បាស់ការមែនទែនហើយ! ពីថ្ងៃចន្ទក្រោយទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈហើយ តែលើកលែងករណី ២ នេះ ត្រូវតែម៉ាស់ដដែល

កូរ៉េខាងត្បូង៖ វិធានការតម្រូវឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវដកចេញឈប់អនុវត្តចាប់ពីថ្ងៃចន្ទហើយ បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញ តែយ៉ាងណាសម្រាប់ការជួបជុំគ្នាលក្ខណៈទ្រង់ទ្រាយធំ និងលក្ខខណ្ឌមួយចំនួនទៀតនោះ ការពាក់ម៉ាស់នៅតែបន្តអនុវត្តដដែល។

តាមការចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថាសេចក្តីសម្រេចបញ្ឈប់ការពាក់ម៉ាស់នេះត្រូវបានលោកនាយករដ្ឋមន្ត្រី គីម បូឃ្យ៉ុម ប្រកាសឡើង ក្រោយពីស្ថានការណ៍ជំងឺកូវីដ-១៩ ក្នុងប្រទេសនេះកាន់តែមានភាពធូរស្រាលហើយនោះ ក្នុងនោះវិធានការគម្លាតសង្គមទាំងស្រុង​ រួមទាំងបម្រាមម៉ោងអាជីវកម្មក៏ត្រូវបានលុបចោលរួចទៅហើយផងដែរ។

ក្នុងអំឡុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យស្ថានការណ៍កូវីដ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា បើទោះជានៅមានក្តីបារម្ភមួយចំនួនក៏ពិតមែន អាជ្ញាធរបានសម្រេចថានឹងមិនត្រូវមើលរំលងការរំខានដែលបណ្តាលមកពីការអនុវត្តគម្លាតសង្គមនេះមកលើជីវភាពប្រជាពលរដ្ឋនោះទេ ជាពិសេសចំពោះការពាក់ម៉ាស់នេះ សូម្បីតែពេលដែលដើរតែម្នាក់​ឯង ឬដើរលេងកំសាន្តជុំគ្រួសារជាដើម។

ការអនុវត្តគម្លាតសង្គម និងការតម្រូវឱ្យពាក់ម៉ាស់នេះបានអនុវត្តមកតាំងពីខែតុលា ឆ្នាំ២០២០មក ហើយសម្រាប់ការអនុវត្តបច្ចុប្បន្ននេះ អ្នកដែលមិនពាក់ម៉ាស់នៅទីសាធារណៈនឹងរងការផាកពិន័យ។

តែយ៉ាងណាក៏ដោយ បើទោះជាវិធានការពាក់ម៉ាស់ត្រូវបានលុបចោលមែន តែសម្រាប់ការជួបជុំទ្រង់ទ្រាយធំនៅទីធ្លាខាងក្រៅដែលមានមនុស្សដល់៥០នាក់ឡើង ដូចជានៅតាមកីឡាដ្ឋាន ឬកន្លែងប្រគុំតន្រ្តីជាដើម ការពាក់ម៉ាស់នៅតែជាកាតព្វកិច្ចអនុវត្តដដែល។ ក្នុងនោះដែរ អាជ្ញាធរក៏បន្តលើកទឹកចិត្តឱ្យពាក់ម៉ាស់ដដែល សម្រាប់អ្នកដែលធ្វើតេស្តកូវីដវិជ្ជមាន និងអ្នកដែលមានហានិភ័យប្រឈមខ្លាំងពេលដែលឆ្លងកូវីដ ដូចនេះការការពារគួរត្រូវបន្តអនុវត្តដោយខ្លួនឯង។

សម្រាប់ការប្រកាសបែបនេះ យ៉ាងណាមិញ ត្រូវបានក្រុមការងារត្រៀមអន្តរកាលរបស់រដ្ឋាភិបាលប្រធានាធិបតីថ្មី ដែលគ្រោងនឹងកាន់អំណាចពីដើមខែឧសភាខាងមុខនេះ រិះគន់ថា ជាការសម្រេចចិត្តលឿនពេកសម្រាប់បច្ចុប្បន្ននេះ។ ជាក់ស្តែងកាលពីពេលកន្លងមក ក្រុមការងាររបស់ប្រធានាធិបតីធ្លាប់បានប្រកាសប្រាប់សាធារណជនថា រដ្ឋាភិបាលថ្មីនឹងលុបចោលវិធានការពាក់ម៉ាស់នេះអាចក្នុងអំឡុងចុងខែឧសភាខាងមុខ ក្រោយពេលដែលខ្លួនឡើងកាន់អំណាច។

Leave a Reply

Your email address will not be published. Required fields are marked *