កូរ៉េខាងត្បូង៖ បុគ្គលិកម្នាក់របស់ធនាគារដ៏ធំជាងគេមួយរបស់កូរ៉េ គឺធនាគាររូរីបេង (Woori Bank) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបុគ្គលិករូបនេះបានចូលខ្លួនមកឱ្យសមត្ថកិច្ចឃាត់ខ្លួន ដោយសារបានប្រព្រឹត្តិអំពើបោកប្រាក់ធនាគារអស់ជាង ៦០ប៊ីលានវ៉ុន (ប្រមាណជាង ៤៧លានដុល្លារ) បើតាមការបញ្ជាក់របស់សមត្ថកិច្ចប៉ូលិសនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
បុគ្គលិកដែលប្រព្រឹត្តអំពើឆបោកនេះ មិនត្រូវបានសមត្ថកិច្ចបញ្ចេញអត្តសញ្ញាណនេះទេ ហើយបានចូលមកប្រគល់ខ្លួនឱ្យសមត្ថកិច្ចប៉ូលិសនៅតំបន់ណាមដេមូន ក្រុងសេអ៊ូល ប្រមាណម៉ោងជាង ១០យប់ កាលពីថ្ងៃពុធ បើតាមការបញ្ជាក់របស់សមត្ថកិច្ច។
កន្លងមកសមត្ថកិច្ចបានកំពុងអនុវត្តនីតិវិធីជំនាញ ដោយបានចេញបម្រាមហាមឃាត់មិនឱ្យជនសង្ស័យរូបនេះធ្វើដំណើរបាន ក្រោយពីទទួលបានការរាយការណ៍ប្តឹងផ្តល់ពីសំណាក់ធនាគារវូរីបេងផ្ទាល់។
សូមបញ្ជាក់ថា បុគ្គលិកជាជនសង្ស័យនេះបានធ្វើការនៅក្នុងធនាគាររូរីបេងនេះជាង ១០ឆ្នាំមកហើយ និងបានដកប្រាក់សរុប ៦១.៤៥ប៊ីលានវ៉ុន ក្នុងរយៈពេល៣ដងផ្សេងៗគ្នាកាលពីឆ្នាំ២០១២, ២០១៥ និង២០១៨ បើតាមការរាយការណ៍ក្នុងពាក្យបណ្តឹងរបស់ធនាគារ។
ធនាគារបានបញ្ជាក់ថា លុយដែលជនសង្ស័យបានលួចពីធនាគារនេះ គឺមានប្រភពពីកុងត្រាឯកជនមួយដែលធនាគារត្រូវប្រគល់ប្រាក់កក់ចំនួន ៥៧.៨ប៊ីលានវ៉ុន ទៅឱ្យក្រុមហ៊ុនអ៊ីរ៉ង់មួយ ក្នុងករណីដែលក្រុមហ៊ុននេះមិនអាចអនុវត្តកិច្ចសន្យាទិញលក់ឯកជនរបស់ខ្លួនបាន ដូចនេះធនាគារត្រូវប្រគល់លុយកក់ទៅឱ្យក្រុមហ៊ុនវិញ តែត្រូវបានជនសង្ស័យជាបុគ្គលិកនេះបានឆបោក និងលួចលុយរបស់ធនាគារទៅបាត់។
ធនាគារបានបញ្ជាក់ដែរថា ក្រៅពីការប្តឹងដើម្បីសមត្ថកិច្ចដោះស្រាយហើយនោះ ធនាគារក៏នឹងកាត់បន្ថយការខាតបង់ដោយដាក់វិធានការដើម្បីប្រមូលលុយដែលបាត់បង់នោះមកវិញផងដែរ ដូចជាការដកហូតយកទ្រព្យសម្បត្តិរបស់ជនសង្ស័យជាដើម និងវិធានការដទៃទៀត។