ដំណឹងល្អ! អាជ្ញាធរសុខាភិបាលកូរ៉េ គ្រោងនឹងអាចលុបវិធានការពាក់ម៉ាស់កាតព្វកិច្ចតាមទីសាធារណៈ ពីសប្តាហ៍ក្រោយនេះទៅ ខណៈដែលស្ថានការណ៍កូវីដកាន់តែធូរស្រាល

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងអាចនឹងលុបចោលទាំងស្រុងវិធានការគម្លាតសង្គមដែលតម្រូវឱ្យពាក់ម៉ាស់នៅទីសាធារណៈ ចាប់ពីសប្តាហ៍ក្រោយនេះទៅ បើតាមការបញ្ជាក់របស់មន្រ្តីជំនាញនៅថ្ងៃព្រហស្បតិ៍នេះ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ញូវរបស់កូរ៉េ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី គីម បូឃ្យ៉ុម ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសពីសេចក្តីសម្រេចចិត្តថ្មីនេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំឆ្លើយតបទៅនឹងស្ថានការណ៍កូវីដ-១៩ នៅថ្ងៃសុក្រនេះ ខណៈដែលប្រទេសកូរ៉េខាងត្បូងមាននិន្នាការថយចុះជាបន្តបន្ទាប់នៃករណីឆ្លងកូវីដថ្មីៗនេះ។

មន្ត្រីជំនាញរដ្ឋាភិបាលកូរ៉េម្នាក់បានលើកឡើងថា «បើទោះជាក្រោយពីបម្រាមនៃការហាមជួបជុំគ្នាឯកជន និងការដាក់បម្រាមលើ​ម៉ោងធ្វើអាជីវកម្មត្រូវបានលុបចោលទាំងស្រុងពិតមែន គេឃើញថានិន្នាការនៃការឆ្លងកូវីដថ្មីនៅតែបន្តមានការថយចុះ ហើយករណីអ្នកដែលមានអាការៈធ្ងន់ធ្ងរ និងអត្រាអ្នកបាត់បង់ជីវិតក៏មានកម្រិតនឹងនរផងដែរ»។ មន្ត្រីរូបនេះនិយាយទៀតថា «អ្នកជំនាញគិតថាការលុបចោលបម្រាមពាក់ម៉ាស់នៅទីសាធារណៈ ដែលមានអត្រាឆ្លងតិចតួចជាងនៅខាងក្នុងទីធ្លាបិទជិតនោះ គឺអាចធ្វើទៅបាន។»

ក្នុងនោះដែរ កាលពីដើមសប្តាហ៍នេះ លោក អាន ឈុលសូ ដែលជាប្រធានក្រុមការងារពិសេសក្នុងរយៈពេលអន្តរកាល របស់លោកប្រធានាធិបតីថ្មី ក៏បាននិយាយថា រដ្ឋាភិបាលអាណត្តិថ្មីដែលនឹងកាន់អំណាចនៅដើមខែឧសភាខាងមុខ ក៏នឹងកំណត់ថាគួរលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈត្រឹមចុងខែឧសភាខាងមុខផងដែរ។

អ្នកវិភាគយល់ឃើញថាការលើកឡើងបែបនេះរបស់ក្រុមការងារប្រធានាធិបតីថ្មី អាចជាសញ្ញាថា វិធានការនេះគួររក្សាទុកដល់ពេលដែលរដ្ឋាភិបាលថ្មីឡើង ដើម្បីធ្វើការសម្រេចចិត្ត តែមន្ត្រីសុខាភិបាលបាននិយាយថា គ្មានហេតុផលដែលគេត្រូវរង់ចាំពន្យារកាតព្វកិច្ចពាក់ម៉ាស់នេះទៀតនោះទេ បើមើលទៅលើស្ថានការណ៍ និងនិន្នាការនៃការឆ្លងជំងឺកូវីដបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា ថ្មីៗនេះរដ្ឋាភិបាលកូរ៉េបានលុបចោលវិធានការគម្លាតសង្គមសឹងទាំងស្រុង លើកលែងតែការពាក់ម៉ាស់ជាកាតព្វកិច្ចប៉ុណ្ណោះ ដោយសារតែស្ថានការណ៍កូវីដ-១៩ កាន់តែមានភាពធូរស្រាលខ្លាំងទៅហើយ។

Leave a Reply

Your email address will not be published. Required fields are marked *