កូរ៉េខាងត្បូង៖ ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាង១៥០០នាក់ បាននាំគ្នាមកជួបជុំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលប្រារព្ធឡើងនៅតំបន់ក្វាងជូធំ នៅឯតំបន់ស៊ូវ៉ុនឯណេះវិញ ក៏មានការរៀបចំកម្មវិធីយ៉ាងសប្បាយរីករាយជួបជុំបងប្អូនខ្មែរយើងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។
តាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុក គេឃើញបងប្អូននៅខាងស៊ូវ៉ុនបានជួបជុំគ្នា ដោយមានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ រួមមានពលករ សិស្ស និសិ្សត ស្ដ្រីរៀបការ អាជីវករខ្មែរពីតំបន់នានា រៀបចំកម្មវិធីសាសនា និងកម្មវិធីជួបជុំអបអរសាទរ រួមមានដូចជា ការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំ ការរាំលេងកំសាន្ត យ៉ាងសប្បាយរីករាយ។ ក្នុងនោះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េផងដែរ រួមមានលោកទីប្រឹក្សាយោធា និងលោកស្រីទីប្រឹក្សាអមស្ថានទូត និងមន្ត្រីស្ថានទូតដទៃទៀតផងដែរ។