[Breaking] ចៅហ្វាយក្រុងសេអ៊ូល ត្រូវបានរកឃើញបាត់បង់ជីវិត សង្ស័យជាករណីអត្តឃាតក្រោយមានការចោទប្រកាន់ពីបទបៀតបៀនកេរខ្មាស

សេអ៊ូល៖ ចៅហ្វាយក្រុងសេអ៊ូល លោក Park Won-soon ត្រូវបានគេប្រទះឃើញសាកសព នាពេលអាធ្រាត្រឈានចូលថ្ងៃសុក្រទី១០ កក្កដា ២០២០នេះ បើយោងតាមការលើកឡើងរបស់ប៉ូលីស។

សាកសពរបស់ចៅហ្វាយក្រុងរូបនេះ ត្រូវបានគេស្វែងរកឃើញនៅភ្នំប៊ូហ្គាក់ (Mt. Bukak) ក្រោមបេសកកម្មរុករកដែលមានប៉ូលីសជាង ៧៧០ នាក់ និងក្រុមការងារជំនាញដទៃទៀត ក្រោយពីលោកត្រូវបានគេប្រកាសថាបាត់ខ្លួនប៉ុន្មានម៉ោងមុននេះ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការស្លាប់នោះទេ តែមានការលើកឡើងថានេះអាចជាករណីអត្តឃាត។

កូនស្រីរបស់លោក Park បានជូនដំណឹងពីការបាត់ខ្លួនរបស់លោក Park មកកាន់ប៉ូលីសនៅវេលាម៉ោង ៥:១៧ ល្ងាច (ម៉ោងនៅកូរ៉េ)។ ភ្លាមៗនោះ ក្រុមការងាររបស់ប៉ូលីសបានស្វែងរកនៅតំបន់ជុំវិញផ្ទះរបស់គាត់ និងនៅតំបន់ក្បែរៗនោះ ដែលសញ្ញាទូរស័ព្ទរបស់គាត់ចាប់បានចុងក្រោយគេបង្អស់។

បើតាមការលើកឡើងរបស់សាលាក្រុងសេអ៊ូល លោកចៅហ្វាយក្រុងបានដាក់ច្បាប់សម្រាកនាថ្ងៃព្រហស្បត្តិ៍ ដោយសារហេតុផលសុខភាព។

សូមបញ្ជាក់ថា មានការលើកឡើងថ្មីៗនេះ អំពីការចោទប្រកាន់ចំពោះលោក Park លើបទបៀតបៀនកេរខ្មាស ពីសំណាក់អតីតលេខារបស់គាត់ផងដែរ ដែលបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃពុធម្សិលមិញតែម្តង។ ក្នុងការចោទប្រកាន់នោះ អតីតលេខារបស់លោក Park បានលើកឡើងមានការបៀតបៀន និងប៉ះពាល់រាងកាយជាច្រើនដងពីសំណាក់ចៅហ្វាយក្រុងរូបនេះ តាំងពីនាងបានចាប់ផ្តើមធ្វើការជាមួយលោក Park ក្នុងឆ្នាំ២០១៧ មក ហើយក៏មានជនរងគ្រោះដទៃទៀតផងដែរ។ នាងក៏បានភ្ជាប់ឱ្យប៉ូលីសនូវសារដែលបានឆ្លើយឆ្លងជាមួយលោក Park កន្លងមក ដើម្បីសម្រាប់ជាភស្តុតាងផងដែរ។ ក្នុងករណីនេះ ប៉ូលីសក៏គ្រោងនឹងបើកការស្រាវជ្រាវផងដែរ ដែលគេអាចមើលឃើញថាអាចជាមូលហេតុចម្បងដែលនាំឱ្យរូបលោកធ្វើអត្តឃាត។

លោក Park ត្រូវបានជាប់ឆ្នោតជាចៅហ្វាយក្រុងសេអ៊ូល តំាងពីឆ្នាំ២០១១ ហើយបច្ចុប្បន្នស្ថិតក្នុងអាណត្តិទី៣ និងជាអាណត្តិចុងក្រោយនៃតំណែងដ៏សំខាន់នេះ។ គេក៏រំពឹងថា លោក Park អាចនឹងក្លាយជាបេក្ខជននយោបាយដ៏សំខាន់សម្រាប់ស្នងតំណែងប្រធានាធិបតី មូន ជេអ៊ីន សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ផងដែរ។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *