ឆ្នាំ២០២២ហើយ ស្រ្តីៗកូរ៉េខាងត្បូងអាយុ ២០ ដល់៣០ឆ្នាំ ដល់ទៅលើសជាង៧០% នៅតែយល់ឃើញថាសង្គមទំនើបមួយនេះ មិនឱ្យតម្លៃស្មើគ្នាចំពោះស្រ្តីនោះទេ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ប្រជាជនកូរ៉េខាងត្បូងលើសពីពាក់កណ្តាលប្រទេសគិតថា បច្ចុប្បន្នស្រ្តីមិនត្រូវគេចាត់ទុកស្មើទៅនឹងបុរសនោះទេ បើតាមលទ្ធផលនៃការធ្វើសម្រង់មតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ញូវ។

បើតាមការសិក្សាសម្រង់មតិធ្វើឡើងដោយក្រសួងសមភាពយេនឌឺកូរ៉េ ដែលធ្វើឡើងរយៈពេល៥ឆ្នាំម្តងនោះ បានឱ្យដឹងថា មានប្រជាជនកូរ៉េខាងត្បូងដល់ទៅ ៥៣.៤% បានឆ្លើយថាកូរ៉េខាងត្បូងមិនមែនជាសង្គមស្មើភាពគ្នាសម្រាប់ស្រ្តីនៅះទេ ដែលយ៉ាងណាតួលេខនេះឃើញថាមានការធ្លាក់ចុះពីលទ្ធផលកាលពី៥ឆ្នាំមុន ដែលការយល់ឃើញបែបនេះមានដល់ទៅ ៦២.៦%នៃប្រជាជនកូរ៉េខាងត្បូង។ បើគិតលើចំនួនអ្នកឆ្លើយទៅតាមភេទវិញ ចំពោះសំនួរដដែលនេះ មានស្រ្តីដល់ទៅ៦៥.៤% ដែលបានឆ្លើយនិងយល់ឃើញបែបនេះ ខណៈបុរសដែលឆ្លើយបែបនេះមានចំនួន ៤១.៤%។

ចំណែកអ្នកដែលយល់ឃើញថាសង្គមកូរ៉េខាងត្បូងមានការចាត់ទុកមនុស្សប្រុស និងស្រីស្មើភាពគ្នា គឺមានត្រឹមតែ ៣៤.៧% នៃចំនួនអ្នកចូលរួមធ្វើសម្រង់មតិទាំងអស់ ដែ់លបានកើនឡើងពីតួលេខត្រឹមតែ ២១% កាលពីឆ្នាំ២០១៦។

បើគិតតាមក្រុមអាយុវិញ ដល់ទៅ៧០%នៃស្រ្តីក្នុងអាយុ២០ និង៣០ឆ្នាំ គិតថាពួកគេបានជួបប្រទះករណីដែលមានការរើសអើងមកលើស្រ្តី ខណៈបុរសវិញមានត្រឹមតែប្រមាណ ៣០ ទៅ៤០ភាគរយប៉ុណ្ណោះដែលយល់ឃើញដូចគ្នានេះ។

សម្រង់មតិនេះក៏បង្ហាញផងដែរ ចំនួនអ្នកដែលយល់ឃើញថាបុរសគួរតែផ្តល់ការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គ្រួសារ ថយចុះមកនៅត្រឹមតែ ២៩.២% ប៉ុណ្ណោះ គឺធ្លាក់ចុះពីតួលេខដល់ទៅ ៤២.‌១% កាលពី៥ឆ្នាំមុន។

ក្នុងនោះដែរ មានត្រឹមតែ ១៧.៤% ប៉ុណ្ណោះដែលយល់ឃើញថាស្រ្តីគួរទទួលបន្ទុកមើលថែកូន បើទោះជាស្រ្តីជាអ្នកធ្វើការចិញ្ចឹមជីវភាពដែរក៏ដោយ ដែលថយចុះខ្លាំងពីតួលេខដល់ទៅ ៥៣.៨% ដែលគាំទ្រការលើកឡើងបែបនេះកាលពី៥ឆ្នាំមុន។

តែជាក់ស្តែង ការសិក្សារបស់រដ្ឋាភិបាលនៅតែបង្ហាញថា ចំនួនស្រ្តីនៅក្នុងសង្គមកូរ៉េខាងត្បូងដែលទទួលរ៉ាប់រងលើការងារផ្ទះ និងមើលថែកូន នៅតែមានភាគច្រើនដដែលក្នុងឆ្នាំ២០២១ គឺមិនស្របទៅនឹងការយល់ឃើញក្នុងសម្រង់មតិដែលមានត្រឹមតែជាង ១៧% ប៉ុណ្ណោះដែលយល់ឃើញដូចនេះ។ បើតាមរបាយការណ៍ដដែលបានឱ្យដឹងថា ជាទូទៅក្នុងគ្រួសារដែលទាំងប្តី ទាំងប្រពន្ធរកស៊ី ធ្វើការដើម្បីរកចំណូលគ្រួសារ គឺប្រពន្ធនៅតែជាអ្នកមើលថែទាំច្រើនជាងគេ ហើយជាមធ្យមស្រ្តីជាប្រពន្ធចំណាយពេល ១.៤ម៉ោង ក្នុងមួយថ្ងៃដើម្បីមើលថែ ខណៈដែលប្តីវិញចំណាយពេលត្រឹម ០.៧ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *