កូរ៉េខាងត្បូង៖ ប៉ុន្មានថ្ងៃខាងមុខនេះនាដើមខែឧសភាខាងមុខនេះ ក្នុងពិធីប្រកាសទទួលតំណែងផ្លូវការរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល នឹងអាចមានចំនួនអ្នកចូលរួមផ្ទាល់ច្រើនជាងការរំពឹងទុក ខណៈដែលគម្លាតសង្គមក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានដកចេញសឹងតែទាំងស្រុងបច្ចុប្បន្ននេះ។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ញូវ បានឱ្យដឹងថាយ៉ាងហោចណាស់នឹងមានអ្នកចូលរួមដល់ទៅ ៤១០០០នាក់ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការប្រកាសទទួលតំណែងផ្លូវការរបស់លោកប្រធានាធិបតីថ្មី ដែលក្នុងនោះរួមមានទាំងអ្នកនយោបាយកំពូលៗ ប្រជាពលរដ្ឋ និងគ្រួសារនាវិកដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍លិចនាវាចម្បាំងឆូណាន (Cheonan) កាលពីឆ្នាំ២០១០ផងដែរ បើតាមការបញ្ជាក់ពីក្រុមការងារអន្តរកាលរបស់លោកប្រធានាធិបតីយូន ស៊ុកយ៉ុល។
ក្រុមការងារអន្តរកាលបានបញ្ជាក់ថា ចំនួនអ្នកអញ្ជើញចូលរួមនេះគឺមានច្រើនជាងការរំពឹងទុក ដោយសារតែគម្លាតសង្គមក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានលើកលែងទាំងស្រុងហើយនោះ លើកលែងតែការតម្រូវឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈប៉ុណ្ណោះ ដែលចាប់អនុវត្តពីថ្ងៃចន្ទនេះមក។
បើតាមការគ្រោងទុកដំបូងឡើយ គឺគេគ្រោងនឹងមានអ្នកចូលរួមត្រឹមតែជាង១ម៉ឺននាក់ប៉ុណ្ណោះ ដោយសារតែអនុវត្តតាមវិធានការគម្លាតសង្គមពីមុនមកដែលមិនទាន់ប្រកាសថ្មីនោះ។
សូមបញ្ជាក់ថា ពិធីប្រកាសទទួលតំណែងផ្លូវការរបស់ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងនេះ នឹងត្រូវធ្វើឡើងនៅពីមុខរដ្ឋសភាជាតិកូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែឧសភា និងត្រូវចំណាយខ្ទង់ប្រមាណជាង ៣.៣ប៊ីលានវ៉ុន (២.៦៦លានដុល្លារ) ដែលជាការរៀបចំពិធីប្រកាសទទួលតំណែងផ្លូវការរបស់ប្រធានាធិបតីធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង។