គួរឱ្យស្អប់ខ្ពើម! គ្រូបង្រៀនបឋមម្នាក់នៅសេអ៊ូល ត្រូវជាប់ឃុំ៧ឆ្នាំ និងទោសដទៃទៀត ដោយល្បួងក្មេងស្រីតាមបណ្តាញសង្គមជាង១២០នាក់ ថតវីដេអូអាក្រាតផ្សេងៗជាច្រើនឆ្នាំ

កូរ៉េខាងត្បូង៖ គ្រូបង្រៀនថ្នាក់បឋមសិក្សាមួយរូប ត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោសជាប់ឃុំឃាំងរយៈពេល៧ឆ្នាំ ដោយបានប្រព្រឹត្តអំពើល្មើសដោយលួងលោមក្មេងស្រីជំទង់វ័យក្មេងជាង១០០នាក់ ឱ្យថតវីដេអូបំពានផ្លូវភេទ និងបានបំពានផ្លូវភេទលើក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ទៀតផងដែរ បើតាមការបញ្ជាក់របស់តុលាការកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ញូវ បានឱ្យដឹងថា បុរសល្មើសរូបនេះដែលមានអាយុ៣០ឆ្នាំ និងជាគ្រូបង្រៀននៅថ្នាក់បឋមសិក្សានៅសេអ៊ូលតាំងពីឆ្នាំ២០១២មក ត្រូវបានតុលាការកាត់ទោសលើករណីពាក់ព័ន្ធលើការកាន់កាប់មាតិកាបំពានផ្លូវភេទចំនួន ១៩១០ ករណី ដែលបានថតលើក្មេងជំទង់ចំនួនជាង ១២០នាក់ ដែលគាត់បានជួបតាមប្រព័ន្ធបណ្តាញសង្គមចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១។

ជនល្មើសរូបនេះត្រូវបានរកឃើញថាបានប្រព្រឹត្តសកម្មភាពបំពានផ្លូវភេទលើក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ផងដែរកាលពីឆ្នាំ២០២០ នៅក្នុងសណ្ឋាគារមួយកន្លែង។ តុលាការបានបញ្ជាក់ពីបទចោទប្រកាន់នេះថា «ជនល្មើសនាំឱ្យជនរងគ្រោះក្លាយខ្លួនជាឧបករណ៍សម្រាប់ខ្លួនបំពានផ្លូវភេទ ដោយសារតែជនរងគ្រោះមិនមានការយល់ដឹងខ្លួនឯងច្បាស់ពីសកម្មភាពទាំងនេះ និងមិនមានសមត្ថភាពការពារខ្លួន​ឯងបាន។»

ក្នុងនោះដែរ តុលាការក៏បានដាក់បញ្ជាឱ្យជនល្មើសត្រូវបំពេញវគ្គព្យបាល និងអប់រំអ្នកបំពានផ្លូវភេទ និងត្រូវទទួលការបញ្ចេញអត្តសញ្ញាណ និងបទល្មើសរបស់ខ្លួនរយៈពេល៥ឆ្នាំ និងត្រូវហាមឃាត់មិនឱ្យធ្វើការបានក្នុងទីតាំងការងារណាដែលមានពាក់ព័ន្ធជាមួយកុមាររយៈពេល៧ឆ្នាំផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *