ល្បីពេញស្រុកកូរ៉េ! ករណីប្រពន្ធ និងសង្សារផ្សំគំនិតធ្វើឱ្យប្តីខ្លួនលង់ទឹកដល់បាត់បង់ជីវិត ដើម្បីបានលុយធានារ៉ាប់រងជាង ៨០០លានវ៉ុន ឥឡូវរដ្ឋអាជ្ញាកូរ៉េត្រៀមចេញដីកាចាប់ខ្លួនទាំងពីរនាក់

កូរ៉េខាងត្បូង៖ ស្ត្រី និងបុរសជាសង្សារមួយគូរត្រូវបានរដ្ឋអាជ្ញាកូរ៉េខាងត្បូង ចេញសាលក្រមឃាត់ខ្លួន ដោយរងការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងករណីឃុបឃិតបង្កឱ្យជនរងគ្រោះជាប្តីរបស់ស្រ្តីជាប់ចោទរូបនេះបាត់បង់ជីវិតក្នុងករណីលង់ទឹកមួយតាំងពីឆ្នាំ២០១៩ ដើម្បីទទួលបានប្រាក់ធានារ៉ាប់រងរាប់ម៉ឺនដុល្លារ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។

តាមការចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ញូវបានឱ្យដឹងថា ស្រ្តីជាជនសង្ស័យមានឈ្មោះ លី អ៊ុនហេ អាយុ៣១ឆ្នាំ និងបុរសសង្ស័យដែលជាសង្សារនឹងគ្នា ឈ្មោះ ឆូ យ៉ុនសូ អាយុ៣០ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ ក្នុងករណីប៉ុនប៉ងបញ្ចុះបញ្ចូលប្តីរបស់ស្រី្តជនសង្ស័យដែលមានអាយុ ៣៩ឆ្នាំនៅពេលកើតហេតុ ឱ្យលោតចុះទៅក្នុងទឹកទន្លេមួយកន្លែងនៅតំបន់ 가평군 ប្រមាណជាង៦០គីឡូម៉ែត្រពីក្រុងសេអ៊ូល ហើយទុកចោលឱ្យជនរងគ្រោះលង់ទឹកដល់បាត់បង់ជីវិត បើទោះជាជនរងគ្រោះត្រូវបានគេដឹងថាមិនចេះហែលទឹក។

បើតាមការបញ្ជាក់របស់អាជ្ញាធរស៊ើបអង្កេត ជនសង្ស័យទាំងពីរបង្កករណីនេះឡើងទំនងជាចង់ទាមទារយកប្រាក់ធានារ៉ាប់រងសម្រាប់ជនរងគ្រោះដែលមានតម្លៃដល់ទៅ ៨០០លានវ៉ុន (ប្រមាណជាង ៦៥ម៉ឺនដុល្លារ)។ ក្នុងនោះដែរ គេរកឃើញថា ជនសង្ស័យទាំងពីរនាក់នេះ ក៏រងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតបុរសជាប្តីរងគ្រោះនេះម្តងដែរ ដោយការបំពុលអាហារ កាលពីខែកុម្ភៈឆ្នាំ២០១៩នោះ និងករណីមួយទៀតដែលប៉ុនប៉ងធ្វើឱ្យជនរងគ្រោះលង់ទឹកនៅកន្លែងនេសាទត្រីមួយកន្លែងកាលពីខែឧសភា ឆ្នាំដដែលនោះ។

ដោយមានការស៊ើបអង្កេតនេះហើយ រដ្ឋអាជ្ញានៅតំបន់អ៊ីនឆន់បានចេញសាលក្រមតុលាការ ដើម្បីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ដើម្បីធ្វើការសាកសួរបន្តក្នុងករណីប៉ុនប៉ងឃាតកម្ម និងករណីប៉ុនប៉ងបោកបន្លំប្រាក់ធានារ៉ាប់រង។ ជនសង្ស័យទាំងពីររូបនេះបានរត់គេចខ្លួនរហូតមក ចាប់តាំងពីបានលាក់ខ្លួនកាលពីខែធ្នូកន្លងទៅ ហើយកាលពីចុងខែមីនានេះ ប៉ូលិសបានដាក់ជនសង្ស័យទាំងពីររូបនេះក្នុងបញ្ជីស្វែងរកចាប់ខ្លួន ហើយបានបញ្ចេញអត្តសញ្ញាណ និងរូបថតរបស់ពួកគេជាសាធារណៈផងដែរ។

ក្នុងនោះដែរ ប៉ូលិស និងរដ្ឋអាជ្ញាក៏បានរកឃើញមានបុគ្គលម្នាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងការជួយឱ្យពួកគេលាក់ខ្លួនកន្លងមកដែរ ហើយបុគ្គលដែលពាក់ព័ន្ធនឹងនេះនឹងត្រូវប៉ូលិស និងរដ្ឋអាជ្ញាធ្វើការសួរចម្លើយនៅពេលខាងមុខផងដែរ ហើយក៏មានបុគ្គលម្នាក់ផ្សេងទៀតដែលគេរកឃើញថាមានវត្តមាននៅនឹងទីតាំងកើតហេតុដែលជនរងគ្រោះលង់ទឹកនោះ ដែលបុគ្គលនេះជាមិត្តភក្តិរបស់បុរសជនសង្ស័យផងដែរ តែបុគ្គលរូបនេះបច្ចុប្បន្នកំពុងជាប់ឃុំខ្លួនស្រាប់ទៅហើយ ពាក់ព័ន្ធនឹងករណីឆបោកមួយដោយឡែកផ្សេងទៀត។

Leave a Reply

Your email address will not be published. Required fields are marked *