អបអរសាទរ! ២ឆ្នាំជាងហើយ ប៉ះពាល់ពីកូវីដ ទីបំផុតកូរ៉េខាងត្បូងថ្ងៃចន្ទនេះ នឹងលុបចោលគម្លាតសង្គមទាំងស្រុងរស់នៅក្នុងប្រក្រតីភាពថ្មីជាមួយកូវីដ លើកលែងការពាក់ម៉ាស់

កូរ៉េខាងត្បូង៖ ក្រោយពីបានតស៊ូជាមួយស្ថានការណ៍កូវីដអស់ជាងរយៈពេល២ឆ្នាំកន្លងមក ទីបំផុងនៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមលុបចោលសឹងតែទាំងស្រុងហើយនូវបម្រាមគម្លាតសង្គមដែលកន្លងមកបានដាក់ចេញដើម្បីការពារកូវីដ ដែលនេះបង្ហាញពីការចាប់ផ្តើមស្ថានការណ៍ថ្មីសម្របខ្លួនទៅនឹងជំងឺកូវីដហើយ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ញូវ បានឱ្យដឹងថា នៅថ្ងៃចន្ទនេះ រាល់ភោជនីយដ្ឋាន ហាងកាហ្វេ និងបណ្តាហាងរកស៊ីជាច្រើនប្រភេទទៀតនឹងចាប់ផ្តើមអាចដំណើរការអាជីវកម្មដោយប្រក្រតីឡើងវិញហើយ ដោយមិនមានការហាមប្រាមដូចពីមុនទៀតនោះទេ ហើយការជួបជុំគ្នាជាលក្ខណៈឯកជនក៏នឹងអាចធ្វើបានដោយគ្មានការកំណត់ចំនួន​មនុស្សទៀតនោះដែរ។

ជាក់ស្តែង ការកំណត់ចំនួនមនុស្សជួបជុំខ្នាតធំបានត្រឹមតែ ២៩៩នាក់ តាមការជួបជុំសាធារណៈ ឬការធ្វើបាតុកម្ម និងការរៀបចំកម្មវិធីសាសនាជួបជុំបានត្រឹម ៧០% នោះក៏នឹងត្រូវលុបចោលដែរ ហើយការហូបចំណីអាហារនៅក្នុងរោងភាពយន្ត ទីតាំងហាត់កីឡា និងទីតាំងសាសនាក៏នឹងត្រូវអនុញ្ញាតចាប់ពីថ្ងៃទី២៥ ខែមេសានេះដែរ។

ក្នុងនោះដែរ ការតម្រូវឱ្យធ្វើចត្តាឡីស័ក ៧ថ្ងៃសម្រាប់អ្នកជំងឺកូវីដ-១៩ ក៏នឹងត្រូវលុបចោលទាំងស្រុងផងដែរ ចាប់ពីចុងខែឧសភានេះទៅ ហើយការតម្រូវឱ្យធ្វើការព្យាបាលជំងឺកូវីដនៅតាមគេហដ្ឋាន ក៏មិនជាការតម្រូវចាំបាច់ទៀតដែរ។

ជាការអនុវត្ត អ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ អាចទៅពិនិត្យសុខភាព និងព្យាបាលនៅតាមគ្លីនិក និងមន្ទីរពេទ្យតាមតំបន់រៀងខ្លួន ដូចទៅនឹងការព្យាបាលជំងឺផ្តាសាយផងដែរ។

យ៉ាងណាមិញ បម្រាមដែលតម្រូវឱ្យគ្រប់គ្នាពាក់ម៉ាក់នៅទីសាធារណៈគឺជាបម្រាមការពារកូវីដចុងក្រោយដែលនៅតែត្រូវបន្តអនុវត្តសម្រាប់ពីថ្ងៃចន្ទនេះទៅ។

បើតាមការបញ្ជាក់របស់រដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលកូរ៉េ គឺជាវិធានការដាក់ចេញដើម្បីអាចអនុវត្តប្រក្រតីភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េទាំងអស់ឡើងវិញ ដែលកន្លងមកបានរងការប៉ះពាល់យ៉ាងខ្លាំងពីស្ថានការណ៍កូវីដ ជាពិសេសបណ្តាអាជីវកម្ម និងអ្នករកស៊ីតូចតាច។

អាជ្ញាធរសុខាភិបាលបានបញ្ជាក់ថាស្ថានការណ៍ឆ្លងនៃជំងឺកូវីដសព្វថ្ងៃនេះបានផុតដំណាក់កាលកំពូលទៅហើយ ហើយកំពុងតែបន្តធ្លាក់ចុះនៅក្នុងថ្ងៃខាងមុខៗនេះទៀតផងដែរ។

សូមបញ្ជាក់ថា ការធ្លាក់ចុះនៃតួលេខឆ្លងនេះ បន្ទាប់ពីតួលេខឆ្លងកូវីដបានកើនដល់ចំណុចកំពូលកាលពីថ្ងៃទី ១៧ ខែមីនា ដែលកាលនោះករណីឆ្លងមានដល់ទៅជាង ៦២ម៉ឺនករណីក្នុងមួយថ្ងៃ។ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ និងគិតមកដល់ពេលនេះ មានមនុស្សលើសពី៣០% នៃប្រជាជនសរុបរបស់កូរ៉េខាងត្បូង ៥២លាននាក់ ដែលបានឆ្លងកូវីដ-១៩។

Leave a Reply

Your email address will not be published. Required fields are marked *