ក្រសួងការបរទេសកូរ៉េខាងត្បូង តវ៉ាកាសែតរបស់ចិន ដែលបានសរសេរថាសម្លៀកបំពាក់នាំចូលពីកូរ៉េខាងត្បូង ជាប្រភពនៃមេរោគកូវីដ-១៩

កូរ៉េខាងត្បូង៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហាញពីការសោកស្តាយចំពោះការចុះផ្សាយព័ត៌មានមួយរបស់សារព័ត៌មានរដ្ឋាភិបាលចិន ដែលបានចុះផ្សាយថាអាចមានករណីឆ្លងកូវីដ-១៩ ចូលមកប្រទេសចិនតាមរយៈប្រភពសម្លៀកបំពាក់ដែលនាំចូលមកពិប្រទេសកូរ៉េ។

ចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយប្រាប់អ្នកសារព័ត៌មានថា «ថ្មីៗនេះប្រទេសចិនបានបង្កើនវិធានការចត្តាឡីស័ក និងវិធានបង្ការកូវីដដទៃទៀត មិនត្រឹមតែមកលើសម្លៀកបំពាក់ដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង តែក៏បានដាក់វិធានការប្រហាក់ប្រហែលគ្នានេះលើទំនិញមួយចំនួននាំចូលពីប្រទេសដទៃទៀតផងដែរ»។ តែយ៉ាងមិញ «មន្ត្រីរបស់ប្រទេសចិន ឬសារព័ត៌មានដែលដំណើរការដោយរដ្ឋាភិបាលចិនមិនបានបកស្រាយពន្យល់ឱ្យច្បាស់ពីមូលហេតុ និងបានធ្វើការបកស្រាយទាំងមិនសមហេតុផល ដែលនាំឱ្យមានផលប៉ះពាល់មិនល្អដល់ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងចិន។»

មន្ត្រីការបរទេសរូបនេះនិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកយកបញ្ហានេះមកពិភាក្សាជាមួយរដ្ឋាភិបាលចិន ហើយនិងសារព័ត៌មានរបស់ចិនមួយចំនួនដែលបានបកស្រាយខុស ដោយស្នើឱ្យសារព័ត៌មានទាំងនោះ ដាក់ចេញនូវវិធានការឱ្យសមស្រប ដើម្បីបកស្រាយ ឆ្លើយតប និងជៀសវាងបញ្ហាដូចនេះកុំឱ្យកើតមានឡើងជាថ្មីទៀត។

សូមបញ្ជាក់ថា បញ្ហាចម្រូងចម្រាស់នេះកើតឡើងដោយសារសារព័ត៌មានរបស់រដ្ឋាភិបាលចិនមួយឈ្មោះថា Global Times បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃចន្ទនេះ ដែលមានចំណងជើងថា «ករណីកូវីដ-១៩ ក្នុងតំបន់៣នៅក្នុងប្រទេសចិន មានពាក់ព័ន្ធទៅនឹងសម្លៀកបំពាក់ដែលបាននាំចូលមកពីប្រទេសកូរ៉េខាងត្បូង» ដែលក្នុងអត្ថបទនេះបានរៀបរាប់ថា ករណីកូវីដ-១៩ ដែលថ្មីៗនេះត្រូវបានរកឃើញឆ្លងក្នុងតំបន់ចំនួន៣ក្នុងប្រទេសចិន គឺពាក់ព័ន្ធនឹងសម្លៀកបំពាក់នាំចូលពីកូរ៉េខាងត្បូង ដែលនាំឱ្យមានការបារម្ភពីប្រភពនៃមេរោគដែលឆ្លងតាមសម្លៀកបំពាក់។

Leave a Reply

Your email address will not be published.