អបអរសាទរ! ទស្សនកិច្ចសម្តេចប្រធានព្រឹទ្ធសភា ដល់កូរ៉េខាងត្បូងប្រកបដោយជោគជ័យផ្លែផ្កា រួមចំណែករឹតបន្តឹងចំណងមិត្តភាពកម្ពុជា-កូរ៉េកាន់តែខ្លាំងថែមទៀត

កូរ៉េខាងត្បូង៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មកអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៤-០៧ ខែមេសា ឆ្នាំ២០២២ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ។

នៅក្នុងដំណើរទស្សនកិច្ចនេះសម្តេចបានជួបពិភាក្សាជាមួយ ឯកឧត្ដម ផាក ប៊ូសឹក ប្រធានរដ្ឋសភា ឯកឧត្ដម អូ សេហ៊ុន អភិបាលក្រុងសេអ៊ូល ឯកឧត្តម ស៊ុន ហុកសាង ប្រធានទីភ្នាក់ងារ KOICA និងឯកឧត្តម ប្យុង ជេអ៊ីល ប្រធានទំនាក់ទំនងមិត្តភាពសភាកម្ពុជា-កូរ៉េ។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចវិបុលសេនា បានលើកឡើងពីការរឹតបន្តឹងចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ ជាពិសេសក្នុងឆ្នាំ២០២២នេះ ដែលយើងរួមគ្នាអបអរសាទរខួប ទី២៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចក៏បានមានប្រសាសន៍អំពីការផ្លាស់ប្តូរទំនាក់ទំនងការទូត ការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងវិនិយោគ ការពង្រីកវិស័យទេសចរណ៍និងវប្បធម៌ ការពង្រីកគម្រោងជំនួយឥតសំណងក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គម ការបង្កើនកំលាំងពលករនិងឱកាសការងារ កម្មវិធីគាំពារពលករនិងស្រ្តីរៀបការដែលរស់នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ។ល។

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅដោយរលូន ដោយមានការឆ្លើយតបជាវិជ្ជមានពីភាគីកូរ៉េ បើតាមការវាយតម្លៃរបស់លោកជំទាវទូត ដែលក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ តែងតែអមដំណើរសម្តេចវិបុលសេនាជាប់ជានិច្ច។

Leave a Reply

Your email address will not be published. Required fields are marked *