ក្តៅៗ! ប្រជាជននៅតំបន់យ៉ុងសាន ដែលប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ត្រៀមផ្លាស់ការិយាល័យខ្លួនមកដាក់នៅជាមួយក្រសួងការពារនោះ នាំគ្នាចេញមកតវ៉ា ដោយសារហេតុផល ២ ធំៗនេះ

កូរ៉េខាងត្បូង៖ ប្រជាជនមូលដ្ឋាន និងសកម្មជនបរិស្ថាននៅក្នុងសង្កាត់យ៉ុងសាន ដែលជាទីតាំងរដ្ឋបាលប្រធានាធិបតីកូរ់េខាងត្បូងថ្មី ត្រៀមនឹងផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតីមកតាំងទីជាមួយក្រសួងការពារជាតិនោះ បានចេញមកតវ៉ានឹងគម្រោងនេះនៅថ្ងៃពុធនេះ ដោយលើកហេតុផលគម្រោងនេះរៀបចំឡើងដោយប្រញ៉ាប់ប្រញ៉ាល់ និងមិនសួរនាំមតិយោបល់ប្រជាពលរដ្ឋក្នុងតំបន់។

បើតាមការចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ នៅមុខទីតាំងក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលជាទីតាំងក្តៅ ដែលប្រធានាធិបតីថ្មី លោក យូន សុកយ៉ុលត្រៀមនឹងរើការិយាល័យរបស់ខ្លួនមកនោះ មានក្រុមប្រជាជននៅតំបន់នោះ និងក្រុមសកម្មជនបរិស្ថានបានមកតវ៉ា និងរៀបចំសន្និសីទកាសែតមួយ និងបានលើកឡើងថា ការផ្លាស់ប្តូរទីតាំងប្រញ៉ាប់ប្រញាល់មកតំបន់នេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ផែនការសាងសង់សួនជាតិមួយនៅតំបន់នេះ ហើយនឹងបង្កឱ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំងនៅពេលខាងមុខ។

ក្រុមអ្នកតវ៉ាបានលើកឡើងថា ខណៈដែលបច្ចុប្បន្ននេះការធ្វើសម្រង់មតិរកឃើញថាមានមតិមិនពេញចិត្តដល់ទៅ ៥៨% ប្រឆាំងនឹងការរើទីតាំងនេះទៅហើយនោះ ប្រធានាធិបតីថ្មីបែរជាមិនខ្វល់ខ្វាយ ហើយនៅតែសន្យាថានឹងបន្តអនុវត្តផែនការនេះក្នុងរយៈពេលត្រឹម៥០ថ្ងៃ ដែលជាការអនុវត្តផែនការដោយមិនមានការព្រមព្រៀងពីប្រជាជននៅក្នុងតំបន់ផងនោះ គឺជាបញ្ហានៃកង្វះខាតការទាក់ទងគ្នាទៅវិញទៅមក។ គេលើកឡើងថា ការរើសទីតាំងនេះ នឹងរំខានដល់ការសាងសង់បញ្ចប់សួនច្បារនៅតំបន់យ៉ុងសាន ដែលបច្ចុប្បន្នកំពុងសាងសង់ក្នុងទីតាំងនេះ ក្រោយពីបន្ទាយយោធាអាម៉េរិកត្រូវបានដកចេញ។

ក្រុមអ្នកតវ៉ាលើកឡើងថាអ្វីដែលគួរធ្វើបច្ចុប្បន្ននេះ គួរយកយកបញ្ហាបរិស្ថានដែលបង្កឡើងលើទីតាំងអតីតបន្ទាយយោធានេះសិន មុននឹងយកចិត្តទុកដាក់លើគម្រោងរុះរើសការិយាល័យប្រធានាធិបតីថ្មីមកទីនេះវិញ។ ពួកគេក៏បានលើកឡើងផងដែរថា ម្ចាស់ប្រទេសនេះគឺជាប្រជាជន ហើយម្ចាស់នៅសង្កាត់យ៉ុងសាននេះ គឺជាប្រជាជនដែលរស់នៅតំបន់នេះផ្ទាល់ ហើយដូចនេះប្រធានាធិបតីថ្មីគួរឈប់ប្រើប្រាស់សកម្មភាពនយោបាយដែលមិនមានការទាក់ទងគ្នាជាមុន ហើយងាកមកស្តាប់ប្រជាជនវិញ។

សូមបញ្ជាក់ថា ក្រោយពីបានជាប់ឆ្នោតជាប្រធានាធិបតីថ្មី លោក យូន សុកយ៉ុល បានផ្តោតសំខាន់ខ្លាំងលើការរុះរើសការិយាល័យរបស់ខ្លួនចេញពីវិមានប្រធានាធិបតីសព្វថ្ងៃ ដោយលើកឡើងថា វិមានប្រធានាធិបតីសព្វថ្ងៃដែលប្រើប្រាស់ទីតាំងអតីតរាជវាំងរបស់ស្តេចកូរ៉េ គឺជានិមិត្តរូបនៃអំណាចបែបរាជានិយម ហើយមិនអាចភ្ជាប់ខ្លួនជាមួយប្រជាជនបាននោះទេ ដូចនេះហើយ លោកបានដាក់ចេញគោលនយោបាយសំខាន់ដាច់ខាតរុះរើសការិយាល័យប្រធានាធិបតីមកទីតាំងថ្មី នៅជាមួយនឹងអាគារក្រសួងការពារជាតិកូរ៉េវិញ ដើម្បីអាចភ្ជាប់ខ្លួនបានកាន់តែស្និទ្ធិជាមួយប្រជាជន។ ក្នុងនោះដែរ ក្រោយពីមានបញ្ហាមិនចុះសម្រុងគ្នាមួយចំនួន ឥឡូវនេះរដ្ឋបាលប្រធានាធិបតីបច្ចុប្បន្នដែលត្រៀមនឹងចុះចេញ បានអនុម័តឯកភាពលើកញ្ចប់ថវិកាដើម្បីអនុវត្តការផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតីនេះផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *