ច្បាប់ថ្មីនៅកូរ៉េ នឹងអនុញ្ញាតឱ្យអ្នកនៅលីវ រស់នៅតែឯង អាចស្នើសុំកុមារមកចិញ្ចឹមបាន សម្របទៅតាមការផ្លាស់ប្តូរធំមួយនេះក្នុងសង្គមកូរ៉េ

កូរ៉េខាងត្បូង៖ សេចក្តីព្រាងច្បាប់ថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងអនុញ្ញាតឱ្យអ្នកដែលនៅលីវ មិនទាន់មានគ្រួសារអាចមានសិទ្ធិស្នើសុំកុមារមកចិញ្ចឹមបាន ជាការស្នើកែប្រែច្បាប់ថ្មីឱ្យស្របទៅនឹងស្ថានភាពសង្គមក្នុងប្រទេសកូរ៉េខាងត្បូង ដែលចំនួនអ្នកនៅលីវមានកាន់តែច្រើនឡើងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះរៀបចំឡើងដោយក្រសួងយុត្តិធម៌កូរ៉េ ហើយបានដាក់ឆ្លងក្នុងគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង និងទទួលបានការអនុម័តឯកភាពរួចរាល់ហើយ។ ការធ្វើវិសោធនកម្មលើច្បាប់ស៊ីវិល និងការបង្កើតគ្រួសារនៅក្នុងប្រទេសកូរ៉េ នេះគឺដើម្បីធ្វើការកែសម្រួលលក្ខខណ្ឌច្បាប់ដែលបច្ចុប្បន្ននេះចែងថា មានតែគ្រួសារដែលបានរៀបការរួចហើយប៉ុណ្ណោះ ដែលមានសិទ្ធិស្នើសុំកុមារចិញ្ចឹមបាន។

ក្រោមវិសោធនកម្មច្បាប់ថ្មី អ្នកដែលនៅលីវ រស់នៅតែឯងនឹងអាចស្នើសុំចិញ្ចឹមកុមារបាន ប្រសិនបើអ្នកសុំមានអាយុលើសពី២៥ឆ្នាំឡើងទៅ និងអាចបំពេញទៅតាមលក្ខខណ្ឌមួយចំនួនដែលអាចធានាសុខុមាលភាពរបស់កុមារដែលចិញ្ចឹមបាន។ សេចក្តីព្រាងច្បាប់ថ្មីនេះនឹងត្រូវពង្រឹងទៅលើការពិនិត្យលក្ខខណ្ឌក្នុងការសុំចិញ្ចឹមកុមារ និងអាចដាក់ទៅកាន់រដ្ឋសភាសម្រាប់ពិនិត្យ និងអនុម័តនៅថ្ងៃសុក្រនេះ។

លក្ខខណ្ឌមួយចំនួនដែលអាជ្ញាធរនឹងត្រូវពិនិត្យលើអ្នកដែលស្នើសុំចិញ្ចឹមកុមាររួមមានដូចជាពេលវេលាដែលអ្នកសុំចិញ្ចឹមមានសម្រាប់ផ្តល់ឱ្យកុមារ និងបរិស្ថានរស់នៅដែលអាចផ្តល់ឱ្យកុមារបាន រួមនឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងសមត្ថភាពចិញ្ចឹមថែទាំកុមារផងដែរ។ គេនឹងអាចមានមន្ត្រីជំនាញស៊ើបអង្កេតបញ្ជូនទៅឱ្យពិនិត្យលក្ខខណ្ឌដែលបានកំណត់ទាំងនេះ ដើម្បីកំណត់ថាតើការស្នើសុំនោះសាកសមឬយ៉ាងណា។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ ចំនួននៃអ្នកដែលនៅលីវ ហើយរស់នៅតែម្នាក់ឯងមានដល់ទៅ ៦.៦៤លាននាក់ កើនឡើងធៀបនឹងឆ្នាំ២០១៩ ដែលមានត្រឹមតែ ៦.១៥លាននាក់ បើតាមទិន្នន័យដែលផ្តល់ដោយស្ថាប័នស្ថិតិកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *