កូរ៉េខាងត្បូង៖ លោកជំទាវឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅដល់ក្រុងអានសាន និងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យ៉ុន ហ្វាស៊ុប អភិបាលក្រុងអានសាន។
តាមរយៈការចុះផ្សាយចែករំលែកក្នុងទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជានៅកូរ៉េ បានឱ្យដឹងថាកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ត្រីស្ថានទូតបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យ៉ុន ហ្វាស៊ុប អភិបាលក្រុងអានសាន។ ក្នុងជំនួបនេះ ឯកឧត្តមអភិបាលបាន ថ្លែងថា
ទីក្រុងអានសាន សម្បូរទៅដោយតំបន់ឧស្សាហកម្ម និងថាមពលអគ្គីសនី ហើយត្រូវការកម្លាំងពលកម្មបរទេសច្រើន ជាពិសេសកម្ពុជា។ ឯកឧត្តមអភិបាលបានលើកសរសើរពីពលករកម្ពុជា ដែលមានចរិកស្លូតបូត និងខិតខំប្រឹងប្រែងធ្វើការ ហេីយបច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរប្រមាណ ៦៣០ នាក់ បាននិងកំពុងធ្វេីការងារនៅទីក្រុងអានសាន។
ជាការឆ្លេីយតប លោកជំទាវ ឯកអគ្គរាជទូតបានថ្លែងថា កម្ពុជាត្រូវការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ផលិតផលពាក់កណ្តាលសម្រេច និងថាមពលអគ្គីសនី ដោយត្រូវការ ការផ្លាស់ប្ដូរនូវជំនាញ ធនធានមនុស្ស និងបច្ចេកទេសពីកូរ៉េមកកម្ពុជា។ ពិតណាស់កម្ពុជាចង់ឱ្យមានការផ្សារភ្ជាប់ការវិនិយោគកូរ៉េនៅកម្ពុជា ដើម្បីធានានិរន្តរភាព ការងារនៅពេលពលករត្រលប់ទៅកម្ពុជាវិញ។
ម៉្យាងវិញទៀត កម្ពុជាបានផ្តល់លក្ខខណ្ឌអនុគ្រោះច្រើនដល់វិនិយោគិនបរទេស តាមរយៈច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗសម្រេចបានរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
លោកជំទាវ សង្ឃឹមថា នឹងមានការភ្ជាប់សម្ព័ន្ធមេត្រីភាពរវាងទីក្រុងអានសាន និងខេត្តណាមួយរបស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមអភិបាល ក្រុងយល់ឯកភាព និងគាំទ្រឱ្យមានការចុះអនុស្សរណៈនៃការយោគយល់ (MOU) សម្រាប់ភ្ជាប់ជាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពនាពេលដ៏ឆាប់ខាងមុខនេះ។