ធូរស្បើយបានច្រើនវិញហើយ! អាជ្ញាធរសុខាភិបាលកូរ៉េថា បើតាមស្ថានការណ៍ថមថយកូវីដបច្ចុប្បន្ន គេអាចនឹងបន្ថយវិធានការគម្លាតសង្គមបន្ថែមទៀត ពីសប្តាហ៍ក្រោយនេះទៅ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអាចបន្ធូរបន្ថយវិធានការគម្លាតសង្គមបន្ថែមទៀតនៅក្នុងសប្តាហ៍ទៀតនេះ ខណៈដែលថ្ងៃចន្ទនេះរដ្ឋាភិបាល និងប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសជាផ្លូវការថាការឆ្លងរាតត្បាតពីមេរោគកូវីដអូមីក្រុង បានផុតចំណុចកំពូល និងចាប់ផ្តើមស្រកចុះមកវិញហើយនោះ។

ចុះផ្សាយក្នុងសារព័ត៌មានកូរ៉េថាម បានឱ្យដឹងថារដ្ឋមន្ត្រីសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង លោក ខ្វុន ដុកឈុល បានលើកឡើងថា តួលេខអ្នកជំងឺដែលបានឆ្លងកូវីដដោយសារអូ​មីក្រុងបានចាប់ផ្តើមស្រកចុះហើយ គឺរយៈពេល១១សប្តាហ៍ក្រោយពីមេរោគអូមីក្រុងនេះបានក្លាយជាមេរោគកូវីដបម្លែងខ្លួនដែលវាយលុកឆ្លងសឹងទាំងស្រុងក្នុងប្រទេសកូរ៉េខាងត្បូង។

វិធានការគម្លាតសង្គមបច្ចុប្បន្នដែលដាក់ការកម្រិតជួបជុំគ្នាបានត្រឹមគ្នា៨នាក់ និងហាមឃាត់ម៉ោងប្រតិបត្តិការអាជីវកម្មនានា តាមទីតាំងមួយចំនួនត្រឹមម៉ោង១១យប់ នឹងត្រូវអនុវត្តបន្តរហូតដល់ថ្ងៃទី២ ខែមេសាខាងមុខនេះ។ ដូចនេះ នៅពេលដែលវិធានការសុខាភិបាលនេះដល់កាលបរិច្ឆេទផុតកំណត់ អាជ្ញាធរសុខាភិបាលកូរ៉េអាចនឹងប្តូរវិធានការដោយបន្ថយកម្រិតនៃការហាមប្រាម និងបង្កើនម៉ោងប្រតិបត្តិការអាជីវកម្មបានបន្ថែមទៀតផងដែរ។

បើតាមការបញ្ជាក់ វិធានការលម្អិតនឹងត្រូវបញ្ជាក់បន្ថែមទៀតនៅត្រឹមថ្ងៃទី១ ខែមេសាខាងមុខនេះ ដោយអាជ្ញាធរសុខាភិបាលនឹងពិនិត្យទៅតាមលក្ខខណ្ឌ និងស្ថានការណ៍នៃជំងឺឆ្លងនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

សូមបញ្ជាក់ថា តូលេខឆ្លងកូវីដថ្មីប្រចាំថ្ងៃបានចុះមកនៅត្រឹម ១៨៧២១៣ករណី កាលពីថ្ងៃចន្ទនេះ ដោយតួលេខឆ្លងកូវីដប្រចាំថ្ងៃបានថយចុះមកនៅក្រោម២០ម៉ឺនករណីដំបូងបង្អស់ក្នុងរយៈពេល២៥ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី២ ខែមីនា។

យ៉ាងណាមិញ ក៏មានមតិមួយចំនួនលើកឡើងថាតួលេខដែលធ្លាក់ចុះខ្លាំងនេះអាចបណ្តាលមកពីកង្វះខាតក្នុងការធ្វើតេស្តតែប៉ុណ្ណោះ។ ជាក់ស្តែង ក្នុងការអនុវត្តប្រចាំថ្ងៃ ចំពោះអ្នកដែលមានរបរការងាររវល់ខ្លាំង ឬមិនមានអាការៈអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេនោះ គេសឹងតែមិនចង់ធ្វើតេស្តតែម្តង ដោយសារតែនៅពេលដែលធ្វើតេស្តទៅ ប្រសិនបើវិជ្ជមាននឹងត្រូវអាជ្ញាធរបញ្ជាឱ្យសម្រាកព្យាបាលនៅផ្ទះ ហើយមិនមានទទួលបានថ្នាំព្យាបាលអ្វីពិសេសនោះទេ គឺសម្រាកព្យាបាលដោយខ្លួនឯង។ ដូចនេះ មានមនុស្សជាច្រើនដែលមិនខ្វាយខ្វល់ធ្វើតេស្តកូវីដតែម្តង។ ដូចនេះ គេលើកឡើងថា ការសម្រេចចិត្តបន្ធូរបន្ថយគម្លាតសង្គមនៅពេលនេះ អាចនឹងជាការប្រញ៉ាប់ប្រញាល់ខ្លាំងពេក ដែលអាចនឹងបង្កជាហានិភ័យទៅវិញផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *