កូរ៉េខាងត្បូង៖ ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានឆ្លងផុតពីចំណុចកំណូលនៃការផ្ទុះឆ្លងកូវីដដែលបង្កពីមេរោគបម្លែងខ្លួន អូមីក្រុង ហើយ នេះបើតាមការលើកឡើងដោយផ្ទាល់ពីសំណាក់លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ខណៈដែលតួលេខនៃករណីឆ្លងកូវីដហាក់មានការថយចុះខ្លាំង ធៀបនឹងតួលេខកាលពីសប្តាហ៍មុននេះ។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ញូវ បានឱ្យដឹងថា លោកប្រធានាធិបតីក្នុងអាណត្តិ មូន ជេអ៊ីន បានថ្លែងក្នុងកិច្ចប្រជុំមួយជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់លោកថា «ថ្មីៗនេះ មេរោគកូវីដអូមីក្រុងបានកើនឡើងដល់ចំណុចកំពូលនៃការឆ្លងហើយ និងបានចាប់ផ្តើមថយចុះមកវិញបន្តិចម្តងៗហើយ»។
តែយ៉ាងណាក៏ដោយ លោកប្រធានាធិបតីបានបន្តដែរថា កូរ៉េខាងត្បូងនៅតែមិនទាន់រួចផុតទាំងស្រុងពីស្ថានការណ៍នៃរលកឆ្លងអូមីក្រុងនេះនៅឡើយទេ ដោយបានកត់សម្គាល់ និងព្រមានថា ចំនួនករណីនៃអ្នកជំងឺដែលឈឺធ្ងន់ និងបាត់បង់ជីវិតអាចនឹងកើនឡើងបន្ថែមទៀតក្នុងរយៈពេលខាងមុខដ៏ខ្លីនេះ។
លោកប្រធានាធិបតីបានបន្តអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋាភិបាល បំពេញកាតព្វកិច្ចគ្រប់បែបយ៉ាងដើម្បីសម្រួលដល់ស្ថានការណ៍សុខាភិបាល ក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដនេះបន្តទៀត ហើយត្រូវផ្តោតសំខាន់លើការបន្ថយចំនួនអ្នកជំងឺដែលឈឺធ្ងន់ និងករណីបាត់បង់ជីវិតផងដែរ។
ក្នុងនោះដែរ លោកប្រធានាធិបតីក៏បានបន្តអំពាវនាវឱ្យប្រជាជនទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដោយបានលើកឡើងថាការចាក់វ៉ាក់សាំងបានដល់៣ដូស នឹងអាចកាត់បន្ថយគ្រោះថ្នាក់ពីជំងឺកូវីដ-១៩ កាន់តែច្រើនឡើង។
សូមបញ្ជាក់ថា ករណីឆ្លងកូវីដប្រចាំថ្ងៃក្នុងប្រទេសកូរ៉េខាងត្បូងបានថយចុះមកនៅក្រោម២០ម៉ឺនករណីជាលើកដំបូងក្នុងរយៈពេល២៥ថ្ងៃចុងក្រោយនេះ នៅថ្ងៃចន្ទនេះ ហើយអាជ្ញាធរសុខាភិបាលក៏បានបញ្ជាក់ថា រយៈពេលដែលការផ្ទុះឆ្លងកើនដល់ចំណុចកំពូលខ្លាំងជាងគេគឺបានកើតឡើងពីសប្តាហ៍មុននេះឯង។
មកដល់ពេលនេះ មានដល់ទៅជាង ៦៤% នៃប្រជាជនសរុបបានចាក់វ៉ាក់សាំងកូវីដដូសជំរុញរួចរាល់ ហើយអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ២ដូស ឬ ១ដូសរួចរាល់ទាំងស្រុងមានដល់ទៅ ៤៤.៤៧លាននាក់ ចំនួនប្រមាណ៨៦.៧% នៃប្រជាជនសរុប នេះបើតាមតួលេខពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ។