ទីបំផុត ១៩ថ្ងៃ ក្រោយបោះឆ្នោតរួច ថ្ងៃចន្ទនេះប្រធានាធិបតីកូរ៉េខាងត្បូងក្នុងអាណត្តិ នឹងជួបគ្នាដំបូងជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី ជាជំនួបមិនមានលក្ខខណ្ឌអ្វីទុកមុនទាំងអស់

កូរ៉េខាងត្បូង៖ ប្រធានាធិបតីក្នុងតំណែងរបស់កូរ់េខាងត្បូង លោក មូន ជេអ៊ីន និងប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតថ្មី លោក យូន សុកយ៉ុល នឹងរៀបចំនូវជំនួបទ្វេភាគីដំបូងបង្អស់បានហើយ នៅថ្ងៃចន្ទនេះ នៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងផ្ទាល់ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនិតរបស់ភាគីទាំងពីរប្រកាសពីថ្ងៃអាទិត្យម្សិលមិញ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ប្រធានាធិបតីទាំងពីររូបនឹងត្រូវទទួលជំនួនអាហាករពេលល្ងាចមួយនៅក្នុងបរិវេណអាគារផ្ទះសំណាក់ភ្ញៀវ សាងឈុងជេ (Sangchunje guest house) នៅក្នុងវិមានប្រធានាធិបតី នៅថ្ងៃចន្ទនេះ គឺរយៈពេល១៩ថ្ងៃគត់ ចាប់តាំងពីថ្ងៃដែលប្រធានាធិបតី យូន សុកយ៉ុល ត្រូវបានប្រកាសលទ្ធផលផ្លូវការទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសប្រធានាធិបតីកូរ៉េ។

ក្នុងជំនួបដំបូងដ៏មានសារៈសំខាន់ និងជានិមិត្តរូបរវាងប្រធានាធិបតីទាំងពីរនេះ នឹងមានការចូលរួមអមពីមន្ត្រីសំខាន់ៗរបស់ភាគីរៀងៗខ្លួន។ បើតាមការបញ្ជាក់របស់មន្ត្រីជំនិតរបស់ភាគីទាំងពីរនៅក្នុងសន្និសីទសារព័ត៌មានបានឱ្យដឹងថា ការសម្រេចទទួលជួបគ្នាបាននេះ គឺក្រោយពីលោកប្រធានាធិបតី មូន ជេអ៊ីន សម្រេចអនុញ្ញាតជួបលោកប្រធានាធិបតីថ្មី តាមពេលវេលាសមស្របកាន់តែលឿនកាន់តែល្អ ខណៈលោកប្រធានាធិបតីថ្មីវិញ បានបង្ហាញក្តីសង្ឃឹមថានឹងអាចជួបលោកមូនបាន ដោយមិនចាំបាច់មានបុរេលក្ខខណ្ឌ ឬរបៀបវារៈអ្វីឡើយ។

សូមបញ្ជាក់ថា បញ្ហានៃការរៀបចំជំនួបរវាងប្រធានាធិបតីទាំងពីរបានក្លាយជាបញ្ហាក្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយសារប្រធានាធិបតីទាំងសងខាងហាក់មានបញ្ហាទទាំងទទើសលើបញ្ហាធំៗមួយចំនួន រួមមានទាំងការសម្រេចចិត្តផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតីទៅកាន់ទីតាំងក្រសួងការពារជាតិ ដែលត្រូវចំណាយកញ្ចប់លុយរាប់ពាន់លានវ៉ុន ហើយត្រូវមានការសម្របសម្រួលពីប្រធានាធិបតីក្នុងអាណត្តិបច្ចុប្បន្ន ដើម្បីអាចឱ្យដំណើរការផ្ទេរការិយាល័យនេះអាចធ្វើទៅបានរួចរាល់ មុនពេល លោក យូន សុកយ៉ុល ចូលកាន់តំណែងផ្លូវការ។

បញ្ហាផ្សេងទៀតរួមមានដូចជាការស្នើលើកលែងទោសជូនដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងជាប់ឃុំឃាំង គឺលោក លី ម្យ៉ុងបាក់ និងបញ្ហានៃការតែងតាំងមន្ត្រីជាន់ខ្ពស់នៅមុខងារសំខាន់ក្នុងរដ្ឋាភិបាល ក្នុងរយៈពេលអន្តរកាលនេះជាដើម។

តាមពិតទៅ ភាគីទាំងពីរបានគ្រោងជួបគ្នាម្តងកាលពីថ្ងៃទី ១៦ ខែមីនា កន្លងទៅ តែត្រូវលើកពេលវិញដោយសារតែបញ្ហាមិនចុះសម្រុងគ្នានៅកម្រិតមន្ត្រីបច្ចេកទេស។ ដូចនេះមានន័យថា រយៈពេលដល់ទៅ ១៩ថ្ងៃ ដែលភាគីទាំងពីរអាចជួបគ្នាបាននេះ នឹងក្លាយជាកំណត់ត្រាថ្មីយូរជាងគេបង្អស់ ដែលប្រធានាធិបតីក្នុងអាណត្តិកូរ៉េ បានជួបគ្នាដំបូងជាមួយប្រធានាធិបតីដែលបោះឆ្នោតជាប់ថ្មី។

Leave a Reply

Your email address will not be published. Required fields are marked *